នៅទីបំផុតក្រុមហ៊ុនរថយន្ត Fiat Chrysler Automobiles និងក្រុមហ៊ុន Peugeot SA បានសម្រេចការដាក់បញ្ចូលគ្នាជាផ្លូវការ ក្នុងការបង្កើតជាក្រុមហ៊ុនថ្មីមួយឈ្មោះថា Stellantis។
ក្រុមហ៊ុន Stellantis នឹងក្លាយជាក្រុមហ៊ុនរថយន្តធំជាងគេលំដាប់ទី៤ ប្រសិនបើបូកបញ្ចូលចំនួនលក់របស់ក្រុមហ៊ុនរថយន្តទាំងពីរ ហើយជាមួយនឹងថវិកាគ្រប់គ្រាន់ ក្រុមហ៊ុននេះនឹងអាចចាប់ផ្ដើមផែនការផលិតរថយន្តអគ្គិសនី ដែលអាចប្រកួតប្រជែងនឹងគូប្រជែងខ្លាំងដូចជា Toyota និង Volkswagen បាន។
ក្រុមហ៊ុនរថយន្ត Stellantis នឹងក្លាយជាម្ចាស់របស់ម៉ាករថយន្តសរុបចំនួន ១៤ម៉ាក ដោយក្នុងនោះមានម៉ាក Ram, Jeep, Dodge, Chrysler, Fiat, Alfa Romeo, Maserati, Abarth និង Lancia ដែលស្ថិតក្រោមការមើលថែរបស់ក្រុមហ៊ុន FCA។ ចំណែកក្រុមហ៊ុន PSA មានកាន់កាប់ម៉ាករថយន្តដូចជា Peugeot, Citroen, Opel, Vauxhall និង DS៕