ទីបំផុតចេញមុខហើយ ឡាន SUV អគ្គិសនីដំបូងគេរបស់ BMW

រថយន្ត​ SUV អគ្គិសនី​ដំបូង​គេ​របស់ BMW បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ដែល​ជា​ម៉ូដែល BMW iX ដោយ​វា​មាន​សមត្ថភាព​ពិសេសៗ​ជា​ច្រើន ដោយ​សារ BMW ចាត់​ទុក​វា​ថា​ជា​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ជាង​គេ​របស់​ខ្លួន។

រថយន្ត​ BMW iX មាន​បំពាក់​ដោយ​បច្ចេកវិទ្យា BMW eDrive ជំនាន់​ទី​ប្រាំ ដែល​វា​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​សរុប​បាន ៤៩៦​សេះ។ BMW បាន​និយាយ​ថា​ម៉ូទ័រ​អគ្គិសនី​នេះ​អាច​ឲ្យ​រថយន្ត BMW iX បង្កើន​សន្ទុះ​ពី ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់​ ៥វិនាទី​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូទ័រ​របស់​រថយន្ត​ទទួល​បាន​ថាមពល​ពី​អាគុយ​​មួយ​ដែល​អាច​​ផ្ទុក​ថាមពល​បាន​ជាង ១០០​គីឡូវ៉ាត់​ម៉ោង។ អាគុយ​ទំហំ​​ធំ​នេះ​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​រយៈ​ចម្ងាយ​ជាង ៦០០​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដង។

ចំពោះ​ការ​សាក​ភ្លើង​វិញ បច្ចេកវិទ្យា​ថ្មី​របស់​រថយន្ត iX អាច​សាក​ភ្លើង​ល្បឿន​លឿន​បាន​កម្លាំង​រហូត​ដល់ ២០០​គីឡូវ៉ាត់ ដែល​មាន​ន័យ​ថា​អាច​សាក​ភ្លើង​បាន​ពី ១០% ឡើង​ដល់ ៨០% ក្នុង​ពេល​មិន​ដល់ ៤០នាទី។ បន្ថែម​ពី​នេះ​ការ​សាក​ភ្លើង ១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ​ជាង ១២០​គីឡូម៉ែត្រ​ឯណោះ។

រថយន្ត BMW iX ក៏​មាន​គាំទ្រ​នូវ​បច្ចេកវិទ្យា 5G ផង​ដែរ ដែល​វា​អាច​ផ្ដល់​ជូន​នូវ​ការ​បើកបរ​ស្វ័យប្រវត្តិ និង​មុខងារ​ជំនួយ​ការ​ចូល​ចត​បាន​យ៉ាង​ល្អ​ប្រសើរ។ BMW នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត iX នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ និង​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​នៅ​ដើម​ឆ្នាំ ២០២២ ខាង​មុខ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម