ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហរដ្ឋអាមេរិក (NHTSA) បានប្រកាសថានឹងចាប់ផ្ដើមធ្វើតេស្តរថយន្តដែលប្រើប្រាស់កាមេរ៉ា ជំនួសឲ្យកញ្ចក់មើលចំហៀងដែលជាមុខងារចាស់គំរឹលមួយ។
ការចុះផ្សាយរបស់ Reuters បានឲ្យដឹងទីភ្នាក់ងារនឹងសិក្សាលើអត្តចរិតនៃការបើកបរ និងដំណើរការនៃប្ដូរគន្លងលើរថយន្តប្រភេទនេះ ហើយនឹងផ្ដល់ឱកាសឲ្យសាធារណជនបញ្ចេញមតិផងដែរ។ ការធ្វើតេស្តដំបូងនឹងផ្ដោតលើរថយន្តអ្នកដំណើរ រួចទើបបន្តធ្វើលើរថយន្តធំៗ។
គួរដឹងថាសហគមន៍ក្រុមហ៊ុនផលិតរថយន្ត (AAM) ដែលតំណាងឲ្យក្រុមហ៊ុនផលិតរថយន្តដូចជា General Motors, Volkswagen, Tesla និង Toyota ក្នុងសហរដ្ឋអាមេរិក បានដាក់ញត្តិទៅកាន់ NHTSA ឲ្យអនុញ្ញាតលើការប្រើប្រាស់កាមេរ៉ាជំនួសឲ្យកញ្ចក់ចំហៀង តាំងពីឆ្នាំ ២០១៤។ ក្រុមហ៊ុន Daimler បានដាក់ញត្តិស្រដៀងគ្នានេះនៅឆ្នាំ ២០១៥ ឲ្យមានអនុញ្ញាតចំពោះរថយន្តដឹកទំនិញធុនធ្ងន់៕