រថយន្ត Chevrolet Corvette Stingray បានចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក អស់រយៈពេលរៀងយូរដែរហើយ ប៉ុន្តែចំពោះប្រទេសអូស្ត្រាលីវិញ ត្រូវរង់ចាំយូរជាងគេបន្តិចសម្រាប់រថយន្តស្ព័រនេះ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Chevrolet បានបង្ហាញហើយថា នៅពេល Corvette ចេញលក់នៅអូស្ត្រាលីក្នុងឆ្នាំ២០២១ អតិថិជនអាចទិញវាបានក្នុងតម្លៃចាប់ពី ១៤៩ ៩៩០ដុល្លារអូស្ត្រាលី (១១៣ ២៥០ដុល្លារ)។
តម្លៃប៉ុណ្ណោះស្ទើរស្មើ ២ ដងសម្រាប់ Corvette លក់នៅលើសហរដ្ឋអាមេរិក ដែលមានតម្លៃចាប់ពីត្រឹម ៥៩ ៩៩៥ដុល្លារ ប៉ុន្តែវាថោកជាងរថយន្តស្ព័រដទៃទៀត ដូចជា Porsche 718 Cayman GTS 4.0 ដែលចាប់ពី ១៧២ ០០០ដុល្លារអូស្ត្រាលី (១២៩ ៨៧០ដុល្លារ)។
រថយន្តស្ព័រអាមេរិកថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ។ វាមានសមត្ថភាពអាចជាន់ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ។ បើនិយាយពីសមត្ថភាពប្រព័ន្ធហ្វ្រាំងរបស់វាវិញ Chevrolet Corvette Stingray ថ្មី អាចជាន់ពីកុងទ័រ ១០០-០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើចម្ងាយត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ៕