ទីបំផុត Hummer អគ្គិសនីកម្លាំង ១០០០សេះ ចេញជាផ្លូវការហើយ

ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Hummer ប្រភេទ​អគ្គិសនី ដែល​មាន​រចនាបថ​​ទាន់​សម័យ ជា​មួយ​នឹង​កម្លាំង​ដ៏​ខ្លាំង​មហាសាល​សម្រាប់​រថយន្ត​ភីកអាប់។

រថយន្ត​សម្រាប់​បើកបរ​លើ​ផ្លូវ Off-Road មួយ​នេះ​មាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​​សម្បក​កង់​ Goodyear Wrangler All Territory MT ទំហំ​ដល់ ៣៥​អ៊ីញ ដែល​អាច​ឲ្យ​រថយន្ត​នេះ​បើក​បរ​លុយ​ទឹក​​បាន​ជម្រៅ​ដល់​​ ៦១០​មិល្លីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​រថយន្ត​អគ្គិសនី Hummer ស៊េរី​ថ្មី​នេះ​ក៏​មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​នៅ​ខាង​ក្នុង​មាន​ដូច​ជា​​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១៣,៤អ៊ីញ។ អេក្រង់​ទំហំ ១៣,៤អ៊ីញ អាច​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ UltraVision ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​ទិដ្ឋភាព ១៨​ខុស​ៗ​គ្នា​ពី​កាមេរ៉ា​បំពាក់​ជុំវិញ​រថយន្ត។ រថយន្ត​នេះ​នឹង​មាន​នូវ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ពាក់​កណ្ដាល​ឈ្មោះ​ថា Super Cruise ផង​ដែរ។

ថាមពល​ដ៏​ខ្លាំង​ក្លា​នៃ​រថយន្ត Hummer គឺ​បាន​មក​ពី​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។

ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ។

Hummer អគ្គិសនី​នឹង​ត្រូវ​ចេញ​លក់​ប្រភេទ Edition 1 មុន​គេ​ ដែល​មាន​តម្លៃ ១១២ ៥៩៥​ដុល្លារ ចេញ​លក់​នា​ឆ្នាំ​ក្រោយ​នេះ។ នៅ​ឆ្នាំ ២០២២ នឹង​មាន​ប្រភេទ Hummer EV 3X ដែល​មាន​តម្លៃ ៩៩ ៩៩៥​ដុល្លារ ហើយ​នៅ​អំឡុង​ឆ្នាំ ២០២៣ នឹង​មាន​ប្រភេទ Hummer EV 2X តម្លៃ ៨៩ ៩៩៥​ដុល្លារ និង​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ ២០២៤ នឹង​ចេញ​លក់​ប្រភេទ Base ជា​មួយ​តម្លៃ ៧៩ ៩៩៥​ដុល្លារ៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម