ទីផ្សាររថយន្តថ្មីនៅកម្ពុជាបន្តកើនឡើង ឯរថយន្តជជុះថយចុះ ខណៈរោងចក្រដំឡើងរថយន្តក៏មានកាន់តែច្រើន

ក្នុងឆ្នាំ២០២៥កន្លងទៅ ទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើង ៥៥% ចំណែករថយន្តជជុះ បានថយចុះមកត្រឹម ៤៥%។ នេះបើតាមការចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដែល​ដកស្រង់សម្តីលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

លោកបានអះអាងទៀតថា រថយន្តជជុះ នឹងបន្តថយចុះបន្តទៀតដោយសារតែតម្លៃរថយន្តថ្មី ទាំងនាំចូល និងដំឡើងក្នុងស្រុក មានតម្លៃទាប ប្រហែលនឹងរថយន្តជជុះដែរ។ រថយន្ត​ដែលនាំចូលភាគច្រើន ជារថយន្តលក្ខណៈគ្រួសារ ប្រភេទ Sedan និង SUV និងរថយន្តប្រភេទ MPV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរកត់សម្គាល់ដែរថា កាលពីចុងឆ្នាំកន្លងទៅ រោងចក្រដំឡើងរថយន្ត BYD ទើបតែបានសាងសង់រួចរាល់​នៅ​តំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ គ្រោងនឹងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ទន្ទឹមនេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្ត GAC និង Chevrolet ដែល​កំពុងសាងសង់​នៅខេត្តកំពង់ឆ្នាំងផងដែរ អាចនឹង​រួចរាល់នៅក្នុងឆ្នាំនេះ។

ជាមួយនឹងវត្តមានរោងចក្រផលិត និងដំឡើង​រថយន្តជាច្រើន​ដែលបាននឹង​កំពុងប្រតិបត្តិការ​នៅកម្ពុជា ដូចជា Ford, Toyota, GTV, Kia និង Isuzu ជាដើម បានធ្វើឲ្យតម្លៃរថយន្តថ្មីៗក្នុងស្រុក កាន់តែធូរថ្លៃសមរម្យ បង្កើតភាពចម្រុះនៃរថយន្ត​សម្រាប់តម្រូវការផ្សេងៗគ្នា​របស់អតិថិជន។

សម្រាប់​ការប្រើប្រាស់រថយន្តអគ្គិសនី​សុទ្ធនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក៏មានការកើនឡើង​ខ្លាំងផងដែរ នោះក៏ដោយសារមានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល និងជាពិសេសគឺការលេចចេញជាបន្តបន្ទាប់ស្ទើរគ្រប់រាជធានីខេត្តទៅហើយ នូវ​ស្ថានីយបញ្ចូលថាមពល EV ដែលភាគច្រើនជាការវិនិយោគរបស់វិស័យឯកជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម