តើលោកអ្នកបានកត់សម្គាល់ទេ បច្ចុប្បន្ននេះ មានក្រុមហ៊ុនខ្លះ បានបញ្ចេញរថយន្តអគ្គិសនីសុទ្ធ១ម៉ូឌែលហើយ ប៉ុន្តែមានថែមជម្រើសប្រភេទម៉ាស៊ីន១ទៀតគឺប្រភេទ REEV ដើម្បីបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត។ មានន័យថា ក្រុមហ៊ុនទាំងនោះកំពុងព្យាយាមដោះស្រាយនូវកង្វល់ចំពោះចម្ងាយបើកបររថយន្តអគ្គិសនីសុទ្ធដែលមានកំណត់។
រថយន្តប្រភេទ REEV មកពីពាក្យថា Range Extended Electric Vehicle គឺជារថយន្តដែលប្រើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ ប៉ុន្តែម៉ាស៊ីនសាំងនោះ មិនមែនជាអ្នកបង្វិលកង់ឡើយ ពោលគឺវាដើរតួជាម៉ាស៊ីនភ្លើងតែមួយគត់សម្រាប់សាកអាគុយដើម្បីបង្កើនចម្ងាយបើកបរ ហើយម៉ូទ័រ គឺជាអ្នកបង្វិលកង់ ដូចរថយន្តអគ្គិសនីសុទ្ធដែរ ធ្វើឲ្យការបើកបរលើរថយន្ត REEV មានផាកសុខភាព និងផ្តល់បទពិសោធន៍ដូចនឹងរថយន្តអគ្គិសនីសុទ្ធដែរ ហើយមិនតែប៉ុណ្ណោះ មានចម្ងាយបើកបរឆ្ងាយជាងទៀតផង។

ចំណុចដ៏ធំនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ចាប់ផ្តើមចាប់អារម្មណ៍លើប្រភេទរថយន្ត REEV កាន់តែច្រើនឡើង ជាពិសេសនៅទីផ្សារប្រទេសចិន ដោយគិតមកត្រឹមដើមឆ្នាំ២០២៦នេះ រថយន្ត REEV មានចំណែកដល់ទៅ ១២%ហើយ ក្នុងទីផ្សាររថយន្តថាមពលថ្មី លើរថយន្តជាង ៤០ម៉ូឌែលឯណោះ។
លើសពីនេះ ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប ក៏ត្រៀមបញ្ចេញរថយន្ត REEV នេះជាបន្តបន្ទាប់ផងដែរ ដោយសារវាអាចឆ្លើយតបនឹងការកម្រិតនៃការបញ្ចេញផ្សែងទាបកាន់តែប្រសើរ និងមានចម្ងាយបើកបរឆ្ងាយ។ អ្នកជំនាញបានព្យករថា ររថយន្ត REEV នឹងមានចំណែកទីផ្សារ ៥ ទៅ ១០% នៅអឺរ៉ុប ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំក្រោយ។

យោងតាមរបាយការណ៍វិភាគមួយចេញផ្សាយដោយ MarketsandMarkets បង្ហាញថា ទីផ្សាររថយន្ត REEV នឹងកើនឡើងពីចំំនួន ១,២លានគ្រឿងក្នុងឆ្នាំ២០២៤ ដល់ចំនួន ៣,២លានគ្រឿង នៅត្រឹមឆ្នាំ២០៣០ សម្រាប់ទីផ្សារ ចិន អឺរ៉ុប និងអាមេរិក៕












