ក្រុមហ៊ុនឌីហ្សាញអ៊ីតាលីឈ្មោះ Pininfarina ដែលល្បីឈ្មោះដោយបានឌីហ្សាញរថយន្ត Ferrari ភាគច្រើននោះ នៅពេលនេះក្រុមហ៊ុនបានជួយប្រទេសទួរគី ផលិតរថយន្តក្នុងស្រុកជាលើកដំបូង។
រថយន្តដំបូងរបស់ទួរគីមានឈ្មោះថា TOGG C-SUV ដែលជារថយន្តប្រភេទអគ្គិសនី មានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។ TOGG មកពាក្យពេញថា “Türkiye’nin Otomobili Girisim Grubu” ឬជាភាសាអង់គ្លេស “Turkey’s Automobile Enterprise Group” ហើយបង្កើតឡើងដោយក្រុមហ៊ុនទួរគីធំៗចំនួន ៥ ជាមួយគោលដៅតែមួយគឺផលិតរថយន្តក្នុងស្រុក។
TOGG C-SUV នឹងមានជម្រើសអាគុយចំនួនពីរ ដែលមួយជិះបានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ និងមួយទៀតជិះបាន ៥០០ គីឡូម៉ែត្រ។ TOGG ប្រាប់ថាអាគុយរថយន្តនឹងអាចសាកដល់ ៨០% ក្នុងពេលមិនដល់ ៣០ នាទីឡើយ។
TOGG C-SUV ប្រភេទ Base នឹងមានម៉ូទ័រអគ្គិសនីដែលផ្ដល់កម្លាំងបាន ២០០ សេះ ចំណែកប្រភេទ AWD (ប៉ុងពីរ) អាចផ្ដល់កម្លាំងបាន ៤០០ សេះ។ រថយន្តនេះរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២២ ហើយក្រុមហ៊ុននឹងបន្តបញ្ចេញរថយន្តសរុប ៥ ម៉ូដែល ដែលប្រើគ្រោងឆ្អឹងរថយន្តអគ្គិសនីនេះ៕