
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ សម្រាប់ឆ្នាំ២០២៥នេះត្រូវបានបញ្ចប់ហើយត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ដោយអ្នកដែលយឺតយ៉ាវមិនទាន់បង់ ត្រូវទទួលការពិន័យគុណនឹង២។ ចុះបើអ្នកដែលទើបទិញរថយន្តថ្មីខ្លាញ់គោ ឬរថយន្តក្រដាសពន្ធ ក្នុងខែធ្នូនេះវិញ តើត្រូវបង់ពន្ធផ្លូវ សម្រាប់ឆ្នាំ២០២៥នេះដែរទេ ឬទទួលពិន័យដែរ ឬមិនចាំបាច់បង់ពន្ធទេ?

យោងតាមប្រកាសស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ពីលក្ខខណ្ឌដូចខាងក្រោមនេះ៖
១. ចំពោះរថយន្តមានបង្កាន់ដៃបង់ពន្ធនាំចូល ឬសន្លឹកពន្ធ ដែលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ (កាតគ្រី) ចេញក្នុងខែធ្នូនេះ គឺត្រូវបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២៥នេះផងដែរ ប៉ុន្តែមិនទទួលការពិន័យគុណនឹង២នោះទេ។
២. ចំពោះរថយន្តមានបង្កាន់ដៃបង់ពន្ធនាំចូល ដែលចេញក្នុងខែធ្នូនេះ ហើយកាតគ្រីក៏ចេញក្នុងខែធ្នូនេះដែរ គឺមិនចាំបាច់បង់ពន្ធផ្លូវឆ្នាំ២០២៥នេះទេ ពោលគឺត្រូវបានអនុញ្ញាតឲ្យបង់ពន្ធសម្រាប់ឆ្នាំក្រោយតែម្តង។

សូមជម្រាបបន្ថែមទៀតដែរថា សម្រាប់រថយន្តថ្មីដែលទើបតែត្រូវបានចុះបញ្ជីជាលើកដំបូង គឺម្ចាស់រថយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធ និងបង់ពន្ធផ្លូវ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារណាមួយ ដោយភ្ជាប់មកជាមួយឯកសារ២ប៉ុណ្ណោះគឺ កាតគ្រីច្បាប់ដើម និងអត្តសញ្ញាណបណ្ណ។ ជាមួយគ្នានេះ សម្រាប់រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ គឺត្រូវការបន្ថែមនូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ច្បាប់ដើមផងដែរ៕























