[ទីផ្សារបរទេស] ឆ្នាំ២០២២ ទើបតែរំលងផុតបានមិនទាន់៥ខែស្រួលបួលផង ប៉ុន្តែនាយកប្រតិបត្តិ Volkswagen លោក Herbert Diess បានបង្ហាញថាក្រុមហ៊ុនបានលក់ដាច់អស់នូវរថយន្តអគ្គិសនីដែលគ្រោងផលិតសម្រាប់លក់នៅពេញមួយឆ្នាំ២០២២នេះ។
និយាយជាមួយ Financial Times នាយកប្រតិបត្តិរូបនេះបាននិយាយថាអតិថិជននៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបដែលកុម្ម៉ង់ទិញរថយន្តអគ្គិសនីនៅថ្ងៃនេះ នឹងត្រូវរង់ចាំដល់ឆ្នាំ២០២៣ ទើបទទួលបានរថយន្ត។
តាមនោះដែរលោក Herbert បាននិយាយថារថយន្តគ្រប់ម៉ូដែលទាំងអស់របស់ Volkswagen មានចាប់ពី ID.3, ID.4 រួមទាំងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Audi ជាដើម គឺទទួលបានការគាំទ្រខ្លាំង ហើយម៉ាករថយន្ត Škoda ក៏ទទួលបានការពេញនិយមខ្លាំងដែរនៅអឺរ៉ុប។
ត្បិតថាមានបញ្ហាក្នុងការផ្គត់ផ្គង់តម្រូវការមែន ប៉ុន្តែ Volkswagen មិនបានបន្ថយល្បឿនលើការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗឡើយ ដោយក្រុមហ៊ុនទើបបានបង្ហាញចេញរថយន្ត ID. Buzz និង ID. Buzz Cargo កាលពីខែមីនា៕