Lamborghini បានប្រកាសឲ្យដឹងថាខ្លួនផលិតរថយន្ត SUV មហាកម្លាំងម៉ូដែល Urus បានមួយម៉ឺនគ្រឿងហើយ ក្រោយពីចេញលក់លើទីផ្សារបានរយៈពេលពីរឆ្នាំរួចមក។
រថយន្ត Urus ទីមួយម៉ឺន គឺពណ៌ខាងក្រៅជាពណ៌ Nero Noctis Matt ដែលជាពណ៌ថ្មីសម្រាប់រថយន្ត SUV មួយនេះ ហើយរថយន្តនេះដែរនឹងត្រូវដឹកជញ្ជូនទៅកាន់អតិថិជនម្នាក់ក្នុងប្រទេសរុស្ស៊ី ដែលរុស្ស៊ីជាទីផ្សារធំមួយសម្រាប់រថយន្ត Urus។
គួរដឹងថារថយន្ត SUV ម៉ូដែលទីពីរក្នុងប្រវត្តិសាស្តរបស់ Lamborghini មួយនេះ បានជួយឲ្យចំនួនលក់របស់ Lamborghini មានកំណើនខ្លាំងកាលពីឆ្នាំទៅ។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៨ ២០៥គ្រឿង ទូទាំងពិភពលោក ដែលកើនឡើងរហូតដល់ ៤៣% ធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះមាន ៤ ៩៦២គ្រឿង គឺជាម៉ូដែល Urus ដែលស្មើជាង ៥០% នៃចំនួនលក់សរុប៕