
ម៉ាឡេស៊ី កំពុងក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ទៅលើការប្រើប្រាស់រថយន្តថាមពលស្អាត ដោយបានជំរុញរថយន្តអគ្គិសនី ហើយកាលពីថ្ងៃទី៩ ខែធ្នូម្សិលមិញនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim ក៏បានទទួលរថយន្តអ៊ីដ្រូសែន Toyota Mirai ថែមទៀតផង។

លោកទទួលបានរថយន្ត១គ្រឿងនេះ ពីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី ដោយលោកបានហៅថា វាជាជំហានដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូររបស់ម៉ាឡេស៊ី ឆ្ពោះទៅរកយានយន្តបៃតងដែលបញ្ចេញឧស្ម័នទាប និងបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូអ៊ីដ្រូសែន ព្រមទាំងនាំមុខគេក្នុងតំបន់ផងដែរ។

គួរដឹងថា ម៉ាឡេស៊ីជាប្រទេសដំបូងគេនៅអាស៊ានដែលមានស្ថានីយបញ្ចូលថាមពលអ៊ីដ្រូសែន បើកសម្ពោធកាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅក្រុង Putrajaya ខណៈដែលពេលនោះក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី មានរថយន្ត Toyota Mirai ចំនួន៣គ្រឿង។ ស្ថានីយមួយនេះ ចំណាយការសាងសង់ប្រមាណជាង ៣,៦លានដុល្លារ ដែលអាចផ្គត់ផ្គង់អ៊ីដ្រូសែន ៥០គីឡូក្រាមជារៀងរាល់ថ្ងៃ។

គួរកត់សម្គាល់ដែរថា កាលពីដើមខែធ្នូកន្លងទៅ លោកនាយករដ្ឋមន្រ្តីក៏បានចូលរួមសម្ពោធដោយផ្ទាល់នូវរថយន្ត QV-E របស់ក្រុមហ៊ុនម៉ាឡេស៊ី Perodua ដែលជារថយន្តអគ្គិសនីជាតិដំបូងបំផុតរបស់ប្រទេសមួយនេះ ដែលផលិតពេញលេញនៅក្នុងស្រុក រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត៕






















