ទេវរូប Rolls-Royce ទទួលបានការអាប់ដេតថ្មី ត្រៀមសម្រាប់ឡានអគ្គិសនី

[ទីផ្សារបរទេស] ចាំបានថាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩១១ គឺជាថ្ងៃចាប់កំណើតរបស់ទេវរូបរថយន្ត Rolls-Royce ដែលជាទេវរូបដ៏មានកេរ្តិ៍ឈ្មោះល្បីបំផុតមួយក្នុងវិស័យរថយន្ត ដែលទេវរូបនេះតែងតែដាក់នៅផ្នែកខាងមុខនៃរថយន្ត Rolls-Royce។

ពេលនេះដែរ ទេវរូបរបស់ Rolls-Royce ទទួលបានការអាប់ដេតថ្មី សម្រាប់អនាគតរថយន្តអគ្គិសនីសុទ្ធនៅថ្ងៃខាងមុខ។ រូបរាងរបស់ទេវរូបថ្មីនៅតែមានលក្ខណៈស្រដៀងរូបរាងពីមុន ប៉ុន្តែវាមិនបានឈរជើងត្រង់ដូចពីមុនឡើយ គឺតួខ្លួននៃទេវរូបហាក់អោនទៅខាងមុខបន្តិច ដែលប្រៀបដូចជាការតំណាងឲ្យការប្រុងប្រៀបឆ្ពោះដំណើរទៅមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្ដូរថ្មីនេះត្រូវបានអះអាងថាផ្ដល់ជូននូវសមត្ថភាពពុះជ្រែកខ្យល់ (aerodynamics) ប្រសើរជាងមុន ដែលនេះគឺជាចំណុចសំខាន់មួយសម្រាប់រថយន្តអគ្គិសនី ដោយសារវានឹងចូលរួមចំណែកក្នុងការធ្វើឲ្យរថយន្ត Rolls-Royce អគ្គិសនីអាចផ្ដល់ចម្ងាយបើកបរបានកាន់តែឆ្ងាយ។

ទេវរូបថ្មីនេះមិនទាន់ចាប់ផ្ដើមប្រើប្រាស់នៅឡើយទេ ហើយវាទំនងជា​នឹងបង្ហាញវត្តមានលើរថយន្តអគ្គិសនីម៉ូដែល Rolls-Royce Spectre ដែលអាចនឹងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម