ទំនើបលែងនិយាយហើយ បើការសាកថ្មវិញ ១០នាទី ជិះបានចម្ងាយ ៣០០គីឡូម៉ែត្រ

[គំរូរថយន្ត] កាលពីថ្ងៃទី ១៩ កន្លងទៅនេះ ក្រុមហ៊ុន Audi ធ្វើការបង្ហាញចេញនូវគំរូរថយន្ត Urbansphere ដែលជាគំរូរថយន្តដែលមាន ការរចនាម៉ូដដូចគ្នាទៅនឹងរថយន្តគំរូ Audi skysphere ដែលបានបង្ហាញចេញកាលពីឆ្នាំមុន ប៉ុន្តែ Urbansphere ផ្តោតខ្លាំងទៅលើគ្រួសារ។

គំរូរថយន្ត Urbansphere បានបង្ហាញខ្លួនមកជាមួយការគាំទ្រនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិតទី៤ ដែល Audi កំពុងអភិវឌ្ឍក្នុងភាពជាដៃគូជាមួយអ្នកឯកទេស CARIAD របស់ក្រុមហ៊ុន Volkswagen Group។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Urbansphere នឹងក្លាយជាម៉ូឌែល Crossover ដ៏ធំបំផុតរបស់ម៉ាកយីហោ ដោយវា​មាន​ប្រវែង ៥,៥ម៉ែត្រ ទទឹង ២,០១ម៉ែត្រ និង​កម្ពស់ ១,៧៨ម៉ែត្រ និង​មានប្រវែងនៃគម្លាតកង់ ៣,៤០ម៉ែត្រ។

រថយន្តនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង PPE (Premium Platform Electric) និងបានបំពាក់មកជាជាមួយថាមពលអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោ។

បន្ថែមពីនេះ វាត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចអគ្គិសនីចំនួនពីរដែលមានកម្លាំង ៣៩៥សេះ និងកម្លាំងបង្វិលអតិបរមា ៦៩០ញ៉ូតុនម៉ែត្រ ដែលអាចអនុញ្ញាតអោយរថយន្តបើកបរបានចម្ងាយសរុប ៧៥០គីឡូម៉ែត្រ។

យ៉ាងណាមិញ ចំពោះការសាកថ្មរថយន្តនេះអាចសាកថ្មល្បឿនលឿនDC ទំហំ ២៧០គីឡូវ៉ាត់ ជាមួយនឹងបច្ចេកវិទ្យា ៨០០វ៉ុល ដែលអាចសាកពីថាមពលថ្មដល់ ៨០% ប្រើរយៈពេល ២៥នាទី និងសាកថ្ម ១០ នាទីអាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម