រថយន្ត Nissan Note e-POWER ជាប់ឈ្មោះជា Car of the Year នៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២១-២០២២ ដោយវាជាលើកឆ្នាំទីប្រាំហើយ Nissan ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ បន្ទាប់ពីត្រូវបានដាក់លក់ជាលើកដំបូងនៅលើទីផ្សារក្នុងខែធ្នូ ឆ្នាំ ២០២០ ជាមួយការពេញចិត្តយ៉ាងខ្លាំងពីអតិថិជន។
គណៈកម្មការសរុបចំនួន ៦០នាក់ បានចំណាយពេលមួយថ្ងៃពេញធ្វើការបើកបរនូវរថយន្តចំនួន ១០គ្រឿង ដែលបានជ្រើសរើសចេញពីបញ្ជីរថយន្តសរុបចំនួន ២៩គ្រឿង។ ដោយក្នុងនោះ Nissan Note e-Power បានទទួលនូវជ័យជម្នះជាមួយពិន្ទុសរុប ៣៣៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ២ បានទៅលើ GR86/BRZ ដែលទទួលបានពិន្ទុសរុប ២៦៤ពិន្ទុ និងចំណាត់ថ្នាក់លេខ ៣បានទៅលើ Honda HR-V(Vezel) ទទួលបានពិន្ទុ ២២៧ពិន្ទុ។
ចំណាត់ថ្នាក់លេខ៤ បានទៅលើ Mitsubishi Outlander PHEV ទទួលបាន ២០៦ពិន្ទុ និងចំណាត់ថ្នាក់លេខ៥ បានទៅលើ Volkswagen Golf Mk8 ទទួលបាន ១៦៨ពិន្ទុ។
សម្រាប់រថយន្ត Nissan Note ដំណើរការដោយប្រព័ន្ធ e-Power ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ៕