ទ្បានអគ្គិសនីចិនប្រភេទ Crossover សាកភ្លើងម្តង អាចជិះបានចម្ងាយ ៦៥០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HiPhi បានធ្វើការបញ្ចេញនូវម៉ូឌែល X ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ Crossover ដែលមានជម្រើស ២ កៅអី ៤ និង ៦ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦៥០ គីទ្បូម៉ែត្រ ក្នុងតម្លៃចាប់ពី ៩០ ២៩១ ដល់ ១២៦ ៧២៤ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

រថយន្តអគ្គិសនី HiPhi X មានទំហំសរុបប្រវែង ៥ ២០០មម, ទទឹង ១ ៩៩០មម, កម្ពស់ ១ ៦១៨មម និងប្រវែងគម្លាតពីកង់មុខទៅក្រោយ ៣ ១៥០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការឌីហ្សាញនៃរថយន្តអគ្គិសនី HiPhi X ទទួលបានរចនាទ្បើងបែបស្ព័រត្រង់ប៉ាណាខាមុខបិទជិត, ចង្កៀងមុខឆ្លាតវ៉ៃ ISD បិទ-បើកភ្លើងអូតូ, ដំបូលខាងលើទ្បានអាចបើកបានជាមួយនឹងស្លាបទ្វា, កញ្ចក់ផ្ទាំងខាងមុខរចនាទ្បើង ៦៥ ដឺក្រេដើម្បីឱ្យមើលកាន់តែច្បាស់ទៀត និង ថាស់កង់ស្ព័រទំហំ ២២ អ៊ីញ។

ខណៈដែលផ្នែកខាងក្នុងរចនាទ្បើងជាមួយនឹងបច្ចេកវិទ្យាទំនើបខ្ពស់បំផុតដោយបំពាក់នូវអេក្រង់បង្ហាញការបើកបរ ១៤,៦ អ៊ីញ, អេក្រង់ធំកណ្តាល infotainment ទំហំ ១៦,៩ អ៊ីញ, អេក្រង់សម្រាប់អ្នកជិះខាងក្រោយទំហំ ១៩,៩ អ៊ីញ, ប្រព័ន្ធសម្គាល់មុខ, ឧបករណ៍បំពងសំលេង ១៧ ចំណុច និងប្រព័ន្ធទឹកអប់ក្នុងទ្បានឆ្លាតវ៉ៃជាដើម។

រថយន្តអគ្គិសនី HiPhi X ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៥៩០សេះ​ និងរមួល ៨២០ញ៉ូតុនម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦៥០ គីទ្បូម់ែត្រ ស្តង់ដារ CLTC ដែលបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣,៩ វិនាទី និងល្បឿនអតិបរមា ២០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម