[ទីផ្សារបរទេស] រថយន្តអគ្គិសនី INDI One ប្រភេទ Crossover ជាមួយនឹងរូបរាងស្រដៀងនឹងទ្បាន BMW i3 និង Tesla Model Y បង្ហាញខ្លួននៅឯ CES តម្លៃខ្ទង់ ៤៥ ០០០ ដុល្លារ។
សម្រាប់ទ្បានអគ្គិសនី INDI One មានទំហំបណ្តោយ ៤ ៨០០ មម, ទទឹង ១,៩៨១ មម, និងកម្ពស់ ១ ៧០២ ហើយទំហំរបស់វាធំជាង Ford Mustang Mach-E និងTesla Model Y បន្តិច។
សម្រាប់ការឌីហ្សាញផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី INDI One បានបំពាក់នូវកុងឌីជីថល និងប្រព័ន្ថកម្សាន្តទំនើប Supercomputer របស់ខ្លួនដែលមិនធ្លាប់ឃើញពីមុខមក ដែលអាចដំណើរការលេងហ្គេមបានក៏ដូចជាការថត កែសម្រួល និងបង្ហោះវីដេអូដោយប្រើកាមេរ៉ាខាងក្នុង និងខាងក្រៅរបស់រថយន្តជាដើម។
បន្ថែមពីនេះព័ត៌មានលម្អិត នឹងប្រកាសចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែទ្បានអគ្គិសនីនេះអាចផ្ទុកឥវ៉ាន់បានចំនួន ១ ២១៨លីត្រ និងដំបូលកញ្ចក់បែប Panoramic ផងដែរ។
ទ្បានអគ្គិសនី INDI One ប្រើប្រាស់កញ្ចប់អាគុយទំហំ ៩៥ គីទ្បូវ៉ាត់ ដែលអាចផលិតកម្លាំង ៤១០សេះ ជួយអោយរថយន្តនេះបើកបរបានចម្ងាយ ៤៨៣ គីទ្បូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-៦០ ក្នុងរយៈពេល ៥,៥វិនាទី។
យ៉ាងណាមិញចំពោះទ្បានអគ្គិសនី INDI Oneគ្រោងនឹងចាប់ផ្តើមទទួលយកការកក់ទុកក្នុងត្រីមាសទីមួយ ដោយការដឹកជញ្ជូនចាប់ផ្តើមនៅចុងឆ្នាំនេះ៕
ប្រភព៖ Carscoops