ក្រុមហ៊ុន ZipCharge បានបង្ហាញចេញផលិតផលថ្មីមួយដែលសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានៃការអស់ថាមពលរបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនីបាន ដោយផលិតផលថ្មីនេះគឺប្រៀបដូចជា Powerbank សម្រាប់រថយន្តអគ្គិសនីយ៉ាងអ៉ីចឹង។
វាមានឈ្មោះថា ZipCharge Go ដែលមានសមត្ថភាពអាចបន្ថែមចម្ងាយបើកបរបានប្រមាណចន្លោះពី ៣២ ទៅ ៦៤គីឡូម៉ែត្រ អាស្រ័យលើអាគុយរថយន្ត ហើយឧបករណ៍នេះគឺមានទំហំតូចល្មមអាចដាក់ក្នុងឃ្លុបរថយន្តភាគច្រើនបាន។
ក្រុមហ៊ុន ZipCharge និយាយថាឧបករណ៍នេះ អាចបញ្ចូលថាមពលដល់រថយន្តក្នុងពេលចន្លោះពី ៣០ ទៅ ៦០នាទី ដែលវាសក្ដិសមបំផុតសម្រាប់ការប្រើប្រាស់ពេលដែលរថយន្តអគ្គិសនីអស់ថាមពលពេលកំពុងស្ថិតនៅទីដាច់ស្រយាល។
ក្រុមហ៊ុនគ្រោងបញ្ចេញលក់ផលិតផលនេះនៅត្រីមាសទី៤នៃឆ្នាំ២០២២ ហើយអតិថិជនឯកជននឹងអាចជួលឧបករណ៍នេះប្រើក្នុងតម្លៃ ៦៧ដុល្លារក្នុងមួយខែ ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ៕