[ទីផ្សារបរទេស] មុនការប្រកាសចេញជាផ្លូវការតែប៉ុន្មានម៉ោង រថយន្ត Mazda CX-60 បានលេចធ្លាយរូបរាងលើអនឡាញគឺតាមរយៈគណនី Instagram ឈ្មោះថា Wilcoblok។
តាមរយៈរូបភាពបានបង្ហាញថាការឌីហ្សាញរបស់ Mazda CX-60 មិនមានខុសប្លែកពីការឌីហ្សាញដែលជាអត្តសញ្ញាណប្រចាំត្រកូលរបស់ Mazda នោះទេ ប៉ុន្តែវាមានប្រើប្រាស់អំពូលភ្លើង LED ថ្មីប្លែក ដែលមានអំពូលភ្លើងបំភ្លឺពេលថ្ងៃជាឆ្នូតនៅចំកណ្ដាលនៃអំពូលភ្លើងមេ។
នៅផ្នែកខាងក្នុងវិញ CX-60 នឹងក្លាយជារថយន្តដំបូងរបស់ Mazda ដែលមានកុងទ័រឌីជីថលពេញលេញ អមដោយអេក្រង់កម្សាន្ត Mazda Connect យ៉ាងធំ ហើយមានចង្កូតស្ទីលថ្មី ជាមួយវត្ថុធាតុដើមដែលកាន់តែមានប្រណីតភាពខ្ពស់ជាងមុន។
គួរដឹងថា CX-60 ក៏នឹងជារថយន្ត Mazda ដំបូងដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid PHEV ដែលភ្ជាប់ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ។ ក្រៅពី PHEV រថយន្តនេះក៏នឹងមានប្រភេទម៉ាស៊ីន SkyActiv-X ដែលមានទាំងប្រភេទប្រើសាំង និងប្រភេទម៉ាស៊ូត។
ក្រៅពី CX-60 គេក៏រំពឹងទុកនូវវត្តមានរថយន្ត Mazda CX-80 ដែលមានកៅអី៣ជួរ និងមានការឌីហ្សាញស្រដៀង CX-60 ដែលគ្រោងប្រកាសចេញនៅអំឡុងចុងឆ្នាំនេះ ឬត្រូវអូសបន្លាយដល់ឆ្នាំ២០២៣ខាងមុខ ហើយក៏នឹងមានការបង្ហាញចេញរថយន្ត CX-70 និង CX-90 ដែលផលិតឡើងសម្រាប់អតិថិជនអាមេរិកជាអតិថិជនគោលដៅ៕