[ទីផ្សារបរទេស] ការប្រកាសចេញរថយន្ត Hyundai Palisade ស៊េរីឆ្នាំ២០២៣ ត្រូវបានកំណត់ថានឹងធ្វើឡើងនាថ្ងៃទី១៣ ខែមេសា ប៉ុន្តែក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនេះបានជ្រុលដៃទម្លាយរូបរាងដំបូងនៃរថយន្តនេះនៅលើយូធូប តាមរយៈរូបភាព thumbnail សម្រាប់វីដេអូផ្សាយផ្ទាល់។
ក្រោយកំហុសបច្ចេកទេស Hyundai បានប្រញាប់ផ្លាស់ប្ដូររូបភាព ប៉ុន្តែរូបភាពដែលបែកធ្លាយត្រូវបានចែកចាយពាសពេញបណ្ដាញសារព័ត៌មានទៅហើយ។ រូបភាពបែកធ្លាយបង្ហាញអំពីផ្នែកខាងមុខនៃរថយន្តស៊េរីថ្មីយ៉ាងច្បាស់ ដោយវាទទួលបានការផ្លាស់ប្ដូរថ្មីលើផ្នែកខាងមុខ មានដូចជាអំពូលភ្លើងថ្មីដែលកាន់តែទំនើប, មានផ្ទាំងប៉ាណាទំហំធំជាងមុនជាមួយរចនាបថថ្មី និងមានការក្រូម៉េលើកាងខាងក្រោមផងដែរ។
រូបរាងខាងក្រោយនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ប៉ុន្តែវាទំនងជាមានការផ្លាស់ប្ដូរបន្តិច ខណៈដែលផ្នែកខាងក្នុងត្រូវបានក្រុមហ៊ុនបញ្ជាក់ថានឹងមានការអភិវឌ្ឍន៍ជាមួយបច្ចេកវិទ្យា និងមុខងារសុវត្ថិភាពកាន់តែច្រើនលើសមុន។ បើតាមរូបភាពដែលគេថតបានកន្លងមក បង្ហាញថាចង្កូតរថយន្ត និងតាបឡូបានផ្លាស់ប្ដូរថ្មី ហើយទំនងជាភ្ជាប់ជាមួយអេក្រង់ទំហំធំជាងមុន ដែលអាចមានទំហំ ១២,៣អ៉ីញ។
ម៉ាស៊ីនរថយន្តស៊េរីថ្មីរំពឹងថានឹងរក្សាដូចស៊េរីមុន ដោយមានម៉ាស៊ីនចំណុះ៣,៨លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩១សេះ និងប្រើប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ដែលអមជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គផងដែរ៕