ធ្វើម្តេចទើបអាចកំណត់ប្រភេទទឹក ឬ ប្រេង ដែលស្រកចុះក្រោមរថយន្ត​បាន?

ក្នុងចំណោម​ការត្រួតពិនិត្យរថយន្ត គេមិនដែលភ្លេចឡើយនូវការអោនមើលក្រោមរថយន្ត ថាតើវាមានលេចស្រកទឹក ឬប្រេងអ្វីមួយ ចុះមកដីឬអត់។ យើងដឹងហើយថា បើវាជាទឹកពណ៌សថ្លាធម្មតា នោះវាគ្រាន់តែជាទឹកម៉ាស៊ីនត្រជាក់តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺវាមិនមែនជាទឹកម៉ាស៊ីនត្រជាក់ឡើយ ដែលត្រូវកត់សម្គាល់ពីប្រភេទពណ៌ ក្លិន និងទីតាំងឲ្យបានច្បាស់លាស់ ដើម្បីអាចកំណត់​បានថា វាជាប្រភេទទឹក ឬប្រេងអ្វីឲ្យប្រាកដ។

១. ពណ៌ខ្មៅៈ វាអាចជាប្រេងម៉ាស៊ីន ដែលលេចចេញពីកាទែប្រេង ឬហ្វឺតវិលឡាគាំងជាដើម ដែលលេចស្រកចុះក្រោមម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ពណ៌ក្រហមៈ បើសិនជាវាមានក្លិនឈ្ងៀម វាអាចជាប្រេងប្រអប់លេខ ដែលទីតាំងវាស្រកអាចស្ថិតក្រោមកណ្តាលខាង​មុខរថយន្ត ឬក្រោមកាទែប្រេងប្រអប់លេខ។

៣. ពណ៌ផ្កាឈូក ឬបៃតងៈ បើសិនវាមានក្លិនក្រអូបប្រហើរ នោះវាអាចជាទឹកស្អំ ដែលទីតាំងលេចស្រកនៅម្តុំក្រោមម៉ាស៊ីនខាងមុខ។

៤. ពណ៌មាសស្រាល: បើសិនវាធុំក្លិនឆួលខ្លាំងដូចសាំង នោះវាអាចជាសាំងដែលលេចស្រកក្រោមម្តុំធុងសាំង​រថយន្ត។

៥. ពណ៌ត្នោតស្រាលៈ វាអាចជាប្រេងបូមចង្កូត ដោយការលេចស្រករបស់វា ស្ថិតនៅក្រោមរថយន្តខាងមុខដែរប៉ុន្តែពុំមានទីតាំងជាក់លាក់ទេ ដូច្នេះគួរពិនិត្យបន្ថែមទៀត ក្នុងក្រឡប្រេងបូមចង្កូត ថាតើមានបាត់ឬអត់។

៦. ពណ៌លឿងស្រាលៈ វាអាចជាប្រេងហ្វ្រាំង ដែលទីតាំងស្រកស្ថិតនៅក្រោមម្តុំចង្កូតរថយន្ត ហើយគួរពិនិត្យបន្ថែមពីកម្រិតបាត់បង់នៅក្នុងក្រឡប្រេងហ្វ្រាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម