ដោយសារតែមានការជជែកវែកញែកជាច្រើនទាក់ទងនឹងការគណនាតម្លៃពន្ធឡានផ្សេងៗ ថ្ងៃនេះខេមបូអូតូ សូមធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរូបមន្ត ដែលបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ មួយវិញទៀត បងប្អូនយើងជាច្រើនមានការសប្បាយចិត្តផងដែរ ស្តីអំពីការកែសម្រួលអត្រាពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយពីការប្រកាសនេះ យើងក៏ឃើញមានខាងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន Ford Cambodia បានធ្វើការអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលផងដែរ ដែលអាចអោយបងប្អូនយើងចំនេញរហូតដល់ជាង ៤ ០០០ ដុល្លារផងដែរ។
យ៉ាងណាមិញ នេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយជាពន្ធ និងអាករលើទំនិញនាំចូល នាំចេញ ដែលត្រូវបានគណនាតាមវិធីសាស្ត្រដូចខាងក្រោម៖
ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
- អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅជាប់អាករពិសេស)
ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!
ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។