កាលពីដើមឆ្នាំ Honda បានបង្ហាញចេញរូបរាងរថយន្ត HR-V ជំនាន់ថ្មីសម្រាប់លក់លើទីផ្សារអឺរ៉ុប និងជប៉ុន ដោយមានបន្ថែមនូវជម្រើសម៉ាស៊ីន Hybrid ថ្មីជាលើកដំបូង។ ដោយឡែក Honda បានបង្ហាញចេញរថយន្ត HR-V ប្រភេទថ្មីមួយទៀត ដែលនឹងមានដាក់លក់តែនៅប្រទេសចិនប៉ុណ្ណោះ។
HR-V ពិសេសសម្រាប់ប្រភេទចិន មានប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលនេះគឺជាលើកដំបូងហើយដែលរថយន្ត HR-V ត្រូវបានដាក់លក់ជាប្រភេទអគ្គិសនី។
មុនការប្រកាសចេញរថយន្តនេះជាផ្លូវការ រូបភាពនៃរូបរាងរបស់វាត្រូវបានបង្ហោះចេញដោយមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន ដែលជាដំណើរការមួយមុនការចេញលក់រថយន្តជាផ្លូវការ។
តាមរយៈរូបភាពបានបង្ហាញថា HR-V អគ្គិសនីគឺបានយកលំនាំតាមរថយន្ត SUV e:prototype ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងសៀងហៃឆ្នាំ២០២១។ បន្ថែមពីនេះដែរគេឃើញមានឈ្មោះ e:NS1 ដែលនេះទំនងជាឈ្មោះ HR-V អគ្គិសនីសម្រាប់ទីផ្សារប្រទេសចិន។
ផ្អែកតាមឯកសារបានឲ្យដឹងថា e:NS1 នេះមានដំណើរការដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២០១សេះ ដែលមានអាគុយទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោងមកជាមួយ ប៉ុន្តែមិនទាន់មានដំណឹងពីរយៈចម្ងាយបើកបរនៅឡើយទេ។ ដំណឹងផ្សេងទៀតអំពីរថយន្ត e:NS1 រំពឹងថានឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ៕