នេះជាឡាន SUV ប្រភេទ Hybrid ដំបូងគេរបស់ Maserati

ក្រុមហ៊ុន Maserati បានបង្ហាញចេញរថយន្ត Levante Hybrid នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលនេះគឺជារថយន្ត SUV ប្រភេទ Hybrid ដំបូងរបស់ក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញចេញរថយន្ត Ghibli Hybrid ដែលជារថយន្ត Sedan Hybrid ដំបូងកាលពីឆ្នាំមុន។

រថយន្ត Levante Hybrid គឺមានដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ជាមួយនឹងឧបករណ៍ជំនួយដល់ការបញ្ឆេះកម្លាំង៤៨វ៉ុល ដែលភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ ប្រព័ន្ធ Hybrid នេះអាចឲ្យរថយន្តផលិតកម្លាំងបាន ៣២៥សេះ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន (AWD)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati អះអាងថារថយន្ត Levante Hybrid នេះគឺមានទម្ងន់ស្រាលជាងប្រភេទប្រើប្រេងឥន្ធនៈសុទ្ធ ដោយវាមានទម្ងន់ត្រឹមតែ ២០៩០គីឡូក្រាមប៉ុណ្ណោះ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ក្នុងពេល ៦វិនាទី ខណៈដែលល្បឿនអតិបរមាគឺ ២៤០គ.ម/ម៉។

រថយន្ត Lavente Hybrid នេះមានបំពាក់នូវប្រព័ន្ធកម្សាន្ត Maserati Connect ជំនាន់ចុងក្រោយ ដែលប្រើប្រាស់អេក្រង់ Touch ទំហំ ១០,១អ៊ីញមានកម្រិតបង្ហាញខ្ពស់ និងមានរចនាបថដែលគ្មានស៊ុម។ ប្រព័ន្ធថ្មីនេះគឺផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android Automative។

ក្រៅពីបង្ហាញចេញរថយន្ត Maserati Lavente Hybrid នេះ ក្រុមហ៊ុនក៏បានបង្ហាញចេញនូវជម្រើសពណ៌ខាងក្រៅថ្មីដែលគួបផ្សំពណ៌ចំនួនបីមានឈ្មោះថា Azzurro Astro៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម