កាលពីឆ្នាំ ២០១៦ បណ្ដុំរថយន្តស៊េរីកប់ជាច្រើន ដែលជាកម្មសិទ្ធិរបស់ Teodoro Nguema Obiang Mangue អនុប្រធានាធិបតីប្រទេស Equatorial Guinea និងជាកូនប្រុសរបស់ប្រធានាធិបតីប្រទេសនេះ ត្រូវបានរឹបអូសដោយសមត្ថកិច្ចស្វីស ជាផ្នែកមួយនៃការស៊ើបអង្កេតករណីលាងលុយខ្មៅ។
៣ ឆ្នាំក្រោយមក រថយន្តប្រណីតទាំង ២៥ គ្រឿងដែលត្រូវបានរឹបអូស ត្រូវបានគេយកដាក់លក់ដេញថ្លៃនៅប្រទេសស្វីស។ រថយន្តដែលជាតួអង្គឯក គឺ Lamborghini Veneno Roadster ដែលជារថយន្តមហាកម្រមួយ។
រថយន្តនេះមានត្រឹម ៩ គ្រឿងប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតឡើងក្នុងគោលបំណងអបអរសាទរខួបទី ៥០ ឆ្នាំរបស់ Lamborghini។ រថយន្តនេះរំពឹងថាអាចដេញថ្លៃបានខ្ទង់ ៥ លានដុល្លារ ប៉ុន្តែជាលទ្ធផលទទួលបានតម្លៃដល់ទៅ ៨,៣ លានដុល្លារ ដែលវាស្ទើរស្មើពីរដងនៃតម្លៃដើម ហើយក៏ធ្វើឲ្យវាក្លាយជារថយន្ត Lamborghini លក់ដេញថ្លៃបានថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។
គួរដឹងថារថយន្តទាំង ២៥ គ្រឿងដែលដេញថ្លៃមានដូចជា Koenigsegg One:1, Ferrari LaFerrari, Aston Martin One-77 និង Bugatti Veyron ជាដើម ដែលលក់បានសរុបដល់ ៣៦ លានដុល្លារ៕