នេះហើយជាលទ្ធផល ដែល Toyota នៅតែផ្តោតខ្លាំងលើរថយន្ត Hybrid

អ្វីដែល Toyota បានគិត និងបន្តផ្តោតខ្លាំងលើរថយន្ត Hybrid កន្លងមក គឺពេលនេះ​បានចេញផ្លែផ្កាហើយ ដោយទទួលបានកំណើននៃការលក់កាន់តែខ្លាំង។

ក្នុងឆ្នាំ​២០២៥ Toyota ​បានសម្រេច​ការលក់រថយន្ត​បានដល់ចំនួនជាង ២,៥លានគ្រឿង នៅអាមេរិកខាងជើង កើនឡើង ៨% បើប្រៀបធៀបនឹង​ឆ្នាំ២០២៤។ ក្នុងនោះជិត ១,២លានគ្រឿង ស្មើនឹង ៤៩% គឺជាប្រភេទ Hybrid, PHEV និង អគ្គិសនី កើនឡើង ១៧,៦%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota ដែលនាំមុខគេក្នុងការលក់ដាច់បែបនេះ គឺជាម៉ូឌែល Camry និង Corolla ដែលជាប្រភេទ Hybrid។ ជាមួយគ្នានេះ រថយន្ត Toyota ដែលពេញនិយមស៊េរីឆ្នាំ២០២៥ ផ្សេងទៀត គឺសុទ្ធតែបំពាក់ជាមួយ Hybrid រួមមានដូចជា RAV4, Tacoma, Grand Highlander, Corolla Cross និងម៉ូឌែល Hybrid ជាច្រើនទៀត ដែលជាអ្នកជំរុញដល់ការលក់នេះផងដែរ។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺរថយន្ត Tacoma ដែលសម្រេចការលក់បានជាង ២៧ម៉ឺនគ្រឿង ជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ៣០ឆ្នាំរបស់រថយន្តនេះ។

យ៉ាងណាមិញ សម្រាប់​រថយន្តអគ្គិសនី Toyota BZ មានចំនួនលក់ធ្លាក់ចុះបន្តិចគឺ ១៥,៩% ពីចំនួនជាង ១,៨ម៉ឺនគ្រឿង មកជាង ១,៥ម៉ឺនគ្រឿង។ ចំណែករថយន្តអ៊ីដ្រូសែន Toyota Mirai បានធ្លាក់ចុះការលក់ខ្លាំងដល់ទៅ ៥៧,៩% ពីចំនួន ៤៩៩គ្រឿងក្នុងឆ្នាំ២០២៤ មកត្រឹម ២១០គ្រឿងក្នុងឆ្នាំ២០២៥។

គួររំលឹកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota បាន​ប្រកាសដាក់ទុនចំនួន ៩១២លានដុល្លារ ដើម្បីជំរុញ​​ផលិតកម្ម Hybrid នៅសហរដ្ឋអាមេរិក។ ទំហំវិនិយោគនេះ នឹងបែងចែកទៅតាមរោងចក្រ​ក្នុងរដ្ឋផ្សេងៗ ដើម្បីផលិតម៉ាស៊ីន និង រថយន្ត ព្រមទាំងគ្រឿងបង្គុំ Hybrid នៅឆ្នាំ២០២៧។ Toyota បានបញ្ជាក់ថា ក្រុមការងារផលិតរបស់ខ្លួន​កំពុងដុតដៃដុតជើង ដើម្បីបំពេញតម្រូវការ​របស់អតិថិជន សម្រាប់រថយន្ត Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម