[ទីផ្សារបរទេស] ការសម្រេចចិត្តរបស់ Volkswagen Group ក្នុងការដកតំណែងលោក Herbert Diess ពីតំណែងប្រធាននៃក្រុមប្រឹក្សាភិបាលកាលពីសប្ដាហ៍មុន បានបង្កជាភាពភ្ញាក់ផ្អើលមួយ ប៉ុន្តែធាតុពិតលោកត្រូវបានដកទំនួលខុសត្រូវលើមុខតំណែងតាំងពីខែធ្នូ ឆ្នាំ២០២១។
លោក Herbert Diess បានគ្រប់គ្រងអាជីវកម្មផ្នែក Software របស់ Volkswagen Group ដែលមានឈ្មោះថា CARIAD តាំងពីពេលដែលអាជីវកម្មនេះបើកដំណើរការ ហើយប្រតិបត្តិការដែលមានលទ្ធផលមិនល្អចេញពីអាជីវកម្មនេះ ជាដើមហេតុធ្វើឲ្យលោកត្រូវបាត់បង់តំណែង។
ការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថាលោក Herbert ទទួលបានការបន្ទោសយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍន៍ Software យឺតយ៉ាវ ដែលបានប៉ះពាល់ដល់ការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗរបស់ Porsche, Audi និង Bentley រួមទាំង Volkswagen ផងដែរ។
ដោយសារភាពយឺតយ៉ាវនេះ លោក Herbert លែងទទួលបានការគាំទ្រពីគ្រួសារ Porsche និងគ្រួសារ Piëch ដែលជាអ្នកគ្រប់គ្រងសម្ព័ន្ធ Volkswagen Group ហើយពួកគេបានរៀបចំការដកលោកចេញពីតំណែងពេលដែលលោក Herbert ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍កន្លងទៅ។
ក្រុមគ្រួសារត្រកូល Porsche និង Piëch បានសម្រេចនាំយកលោក Oliver Blume ដែលជានាយកប្រតិបត្តិនៅម៉ាក Porsche មកជំនួសតំណែងលោក Herbert ដោយអ្នកដឹកនាំថ្មីនឹងចាប់ផ្ដើមឡើងកាន់កាប់តំណែងនៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ខណៈដែលលោកនៅបន្តកាន់កាប់តំណែងចាស់ដដែល៕