នេះហើយជាឡាន PHEV ដំបូងគេរបស់ Alfa Romeo

[ទីផ្សារបរទេស] រថយន្ត Alfa Romeo Tonale ស៊េរីឆ្នាំ២០២៣ បានបង្ហាញវត្តមានជាផ្លូវការក្នុងនាមជារថយន្តដែលមានប្រភេទ PHEV (Plug-in Hybrid) ដំបូងគេសម្រាប់ម៉ាករថយន្តអ៉ីតាលីមួយនេះ។

Alfa Romeo Tonale ស៊េរីឆ្នាំ២០២៣ បានផលិតចេញពីរថយន្ត Concept ដែលគេធ្លាប់បានឃើញជាលើកដំបូងកាលពីឆ្នាំ២០១៩ ដោយរូបរាងរបស់វាហាក់មិនខុសគ្នាពីប្រភេទ Concept ប៉ុន្មានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចសំខាន់របស់រថយន្តនេះគឺ PHEV Q4 AWD ដែលមានប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ ជាមួយម៉ាស៊ីន Turbocharged ចំណុះ១,៣លីត្រ ៤ស៊ីឡាំង។ វាមានអមដោយអាគុយលីចូម ១៥,៥kWh ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីកម្លាំង ៩០kW ដែលប្រព័ន្ធនេះអាចផលិតកម្លាំងបានសរុប ២៧២សេះ ហើយវាក៏មានសមត្ថភាពបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយខ្ទង់ ៥០គីឡូម៉ែត្រផងដែរ។

បន្ថែមពីនេះដែរ វាក៏មានជាប្រភេទ Q4 AWD ដែលប្រើម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ជាមួយប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ ដែលអាចផលិតកម្លាំងបាន ២៥៦សេះផងដែរ។

ក្នុងនាមជាផលិតផលរបស់សម្ព័ន្ធ Stellantis រថយន្តនេះមានមកជាស្តង់ដារនូវប្រព័ន្ធកម្សាន្ត Uconnect 5 លើអេក្រង់ទំហំ ១០,២៥អ៉ីញ ជាប្រភេទ Touchscreen។ បន្ថែមពីនេះក៏មានអេក្រង់ព័ត៌មាននៃការបើកបរទំហំ ១២,៣អ៉ី្ផងដែរ ដែលមានសមត្ថភាពអាប់ដេតតាមរលកធាតុអាកាស ជាមួយការគាំទ្រមុខងារ Apple CarPlay និង Android Auto ហើយមានកន្លែងសាកថ្មីទូរសព្ទដោយមិនប្រើខ្សែថែមទៀត។

ចំណែករឿងមុខងារសុវត្ថិភាពវិញវាមានដូចជា adaptive cruise control, traffic sign recognition, dynamic cruise control,  forward collision warning with automatic emergency braking និងមុខងារ pedestrian detection ដែលមានមកជាស្តង់ដារផងដែរ។ បន្ថែមពីនេះក៏មានមុខងារ blind spot monitoring with rear cross-traffic alert, driver attention assist, rear seat reminder និង lane keep assist ជាដើម។

រថយន្ត Tonale ស៊េរីឆ្នាំ២០២៣នេះ នឹងមានចេញលក់នៅអាមេរិកខាងជើងនៅដើមឆ្នាំ២០២៣ ដោយមិនទាន់មានការបញ្ជាក់ពីតម្លៃលក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម