ដូចការសន្យា Lexus បានបង្ហាញចេញរថយន្ត SUV ដំបូងបំផុតរបស់ខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show នៅប្រទេសចិន ដែលជាមានរូបរាងដូចគ្នានឹង Lexus UX ចេញកាលឆ្នាំមុនដែរ។
រថយន្តនេះក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Lexus UX 300e ដែលវាបំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២០១ សេះ និងមានអាគុយទំហំ ៥៤,៣ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយរហូតដល់ ៤០០ គីឡូម៉ែត្រ ពេលសាកបំពេញ។ Lexus អះអាងថាផ្នែកខាងក្នុង UX 300e គឺមានសំឡេងស្ងាត់ជាងគេបំផុត បើប្រៀបនឹងរថយន្ត SUV ខ្នាតតូចអគ្គិសនីដទៃ ដែលវាមានមុខងារ Active Sound Control ដែលទប់សំឡេងរំខានបានយ៉ាងល្អ។
សម្រាប់ផ្នែកសុវត្ថិភាព UX 300e បានបំពាក់នូវ Lexus Safety System+ ដែលមានមុខងារសុវត្ថិភាពជាច្រើន។ អាគុយរថយន្តក៏មាននូវប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព ហើយអ្នកបើកបរអាចពិនិត្យមើលរយៈចម្ងាយដែលអាគុយនៅមាន ឬ ស្ថានភាពនៃការសាកភ្លើងតាមរយៈកម្មវិធីលើទូរសព្ទ។
Lexus UX 300e នឹងដាក់លក់នៅចិន និងអឺរ៉ុបក្នុងឆ្នាំ ២០២០ និងនៅប្រទេសចិននឹងដាក់លក់នៅដើមឆ្នាំ ២០២១៕