បងប្អូនភ្លោះ Toyota Raize របស់ Subaru ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Rex ដែលជារថយន្តប្រភេទ SUV​ បើកបរក្នុងទីក្រុងដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដែលជំនួសឈ្មោះចាស់ Kei។ ម៉ូដែលនេះ ដូចគ្នាទៅនឹងរថយន្ត Toyota Raize, Daihatsu Rocky, និង Perodua Ativa ដែលត្រូវបានផលិតឡើងដោយវិស្វកម្មតែមួយ។

ឈ្មោះ Subaru Rex ដើមឡើយត្រូវបានប្រើប្រាស់នៅក្នុងរថយន្ត Kei ដែលផលិតនៅចន្លោះឆ្នាំ ១៩៧២ និង ១៩៩២។ ខុសពីម៉ូដែលដើម ដោយរថយន្ត Rex ថ្មីនេះប្រើប្រាស់នៅរចនាបទរថយន្ត SUV សម្រាប់បើកបរនៅទីក្រុង ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារមួយចំនួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Subaru Rex មើលទៅប្រហាក់ប្រហែលនឹង Daihatsu Rocky ដោយចែករំលែកផ្នែកទាំងមូលនៃតួរថយន្ត។ ភាពខុសគ្នាតែមួយគត់គឺទាក់ទងនឹងប៉ាណាមុខដែលបានរចនាឡើងវិញរាងផ្តេក។ ម៉ូដែលនេះមានថាសកង់ស្ព័រទំហំ ១៦ អ៊ីង ដល់ ១៧ អ៊ីញ ដែលបន្ថែមចង្កៀងមុខ full-LED និងអំពូលកាត់អ័ព្ទផងដែរ។

រីឯនៅ​ផ្នែក​ខាង​ក្នុង​វិញ ត្រូវបានគេរំពឹងថា មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ឬ ៩ អ៊ីញ រួមបញ្ចូលគ្នាជាមួយកុងទ័រព័ត៌មានឌីជីថល ហើយមានការតុបតែងជាមួយឆ្នូតពណ៌ក្រហមនៅលើកៅអី និងផ្ទៃតាប្ល៊ូ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ Smart Assist ADAS ផងដែរ។

រថយន្ត Subaru Rex គឺផ្អែកលើស្ថាបត្យកម្ម DNGA platform ហើយត្រូវបានផ្តល់ជូនផ្តាច់មុខជាមួយនឹងម៉ាស៊ីនចំណុះ ១,២ លីត្រ naturally aspirated ដែលអាចផលិតកម្លាំងបាន ៨០ សេះ និងកម្លាំងរមួល ១០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ CVT ៧ វគ្គ។

គួរបញ្ជាក់ផងដែរ រថយន្ត Subaru Rex ស៊េរីឆ្នាំ ២០២៣ អាច​បញ្ជា​ទិញ​បាន​សម្រាប់ទីផ្សារ​ប្រទេស​ជប៉ុន ដែលមានតម្លៃចាប់ផ្តើមពី ១២ ៩៧៧ ដុល្លារ សម្រាប់ម៉ូដែល G និងមានតម្លៃ ១៥ ៤៧៤ ដុល្លារ សម្រាប់ម៉ូដែល Z ដោយថ្លៃជាង Daihatsu Rocky ដែលមានតម្លៃ ១១ ៩៥២ ដុល្លារ និង Toyota Raize ដែលមានតម្លៃចាប់ពី ១១ ៩៥៧ ដុល្លារដែលប្រើប្រាស់ម៉ាស៊ីនដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម