បង់ពន្ធផ្លូវលើកដំបូង និងធ្លាប់បង់ពន្ធម្តងរួចហើយ តើត្រូវការឯកសារអ្វីខ្លះ?

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ខាងមុខនេះហើយ បើខកខានមិនបានបង់ពន្ធនេះទេ នឹងត្រូវទទួលរងការផាកពិន័យគុណនឹង២។

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវមានឯកសារ និងការអនុវត្តដូចខាងក្រោមៈ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង (សម្រាប់រថយន្តទេសចរណ៍) ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើកដំបូង ដោយត្រូវបំពេញព័ត៌មានទៅតាមទម្រង់​ដែលរដ្ឋបាល​សារពើពន្ធបានកំណត់ និងត្រូវមានឯកសារ ដូចជាៈ ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ ហើយសម្រាប់នីតិបុគ្គល ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ។

២. សម្រាប់​ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង ដែលបានចុះបញ្ជី និងប្រកាស និងបង់ប្រាក់ពន្ធម្តងរួចមកហើយ ត្រូវមានឯកសារ ដូចជា បណ្ណសម្គាល់​ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ បណ្ណសម្គាល់យានជំនិះ ឬ បង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។

ក្រោយពេលបង់ពន្ធរួច ម្ចាស់មធ្យោបាយដឹកជញ្ជូនត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន។ លតាបត្រនេះ ត្រូវបិទភ្ជាប់​ជាមួយនឹង​យានយន្តនោះ ហើយបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់​ប្រើប្រាស់​តាមការចាំបាច់។

គួរដឹងដែរថា ម្ចាស់​មធ្យោបាយដឹកជញ្ជូន អាចស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងបង់ថ្លៃសេវាចំនួន ៥ពាន់រៀល នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារជាដៃគូ។ បណ្ណនេះ មានទម្រង់ជាបណ្ណរឹង និងបណ្ណទម្រង់ឌីជីថល (E-Card) ដោយនឹងទទួលបានភ្លាមៗ បន្ទាប់ពីបង់ប្រាក់ពន្ធ និងថ្លៃសេវារួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម