បញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិក នៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មរថយន្តហើយយោងតាមក្រុមហ៊ុនពិគ្រោះយោបល់ AlixPartners បានឲ្យដឹងថា វាអាចធ្វើឲ្យឧស្សាហកម្មនេះចំណាយមិនតិចជាង ២១០ ពាន់លានដុល្លារឡើយ នៅឆ្នាំនេះ។
ក្រុមហ៊ុន AlixPartners ធ្លាប់បានធ្វើការព្យាករណ៍កាលពីខែឧសភាថា កង្វះខាតបន្ទះឈីបនេះអាចធ្វើឲ្យឧស្សាហកម្មរថយន្តខាតបង់អស់ ១១០ ពាន់លានដុល្លារ និងនាំឲ្យចំនួនផលិតរថយន្តតិចជាងមុន ចំនួន ៣,៩ លានគ្រឿង។ បន្ថែមពីលើតួលេខដែលលើសពីការប៉ាន់ស្មានខាងលើ ក្រុមហ៊ុនប្រឹក្សានេះក៏បាននិយាយដែរថា ការផលិតរថយន្តចំនួន ៧,៧ លានគ្រឿង អាចនឹងត្រូវបាត់បង់។
លោក Mark Wakefield មកពី AlixPartners បាននិយាយថា “ជាការពិតណាស់ មនុស្សគ្រប់គ្នាសង្ឃឹមថាវិបត្តិបន្ទះឈីបនឹងធូរស្រាលជាងមុននៅពេលនេះ ប៉ុន្តែព្រឹត្តិការណ៍អកុសលដូចជា ការបិទខ្ទប់កូវីដ១៩ នៅម៉ាឡេស៊ី និងបញ្ហាបន្តនៅកន្លែងផ្សេងទៀត បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង”។
នាយកគ្រប់គ្រងនៅក្រុមហ៊ុន AlixPartners លោក Dan Hearsch បានបន្ថែមថា “រាល់កង្វះខាត ឬការរំខានដល់ការផលិតនៅផ្នែកណាមួយ គឺសុទ្ធតែប៉ះពាល់ដល់ក្រុមហ៊ុននៅជុំវិញពិភពលោក ហើយផលប៉ះពាល់ឥឡូវនេះត្រូវបានពង្រីកដោយសារតែកង្វះខាតផ្សេងទៀតផងដែរ”។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តធំៗភាគច្រើន នៅតែបន្តប្រឈមមុខនឹងកង្វះខាតបន្ទះឈីបនេះ ហើយតែងតែប្រកាសពីការផ្អាកការផលិតកម្មនៅរោងចក្រជុំវិញពិភពលោកទៀតផង៕