បន្ទាប់ពីពន្ធផ្លូវ! រថយន្តអគ្គិសនី ទទួលបានការបញ្ចុះអត្រាអាករពិសេសលើម៉ូទ័រ និងអាគុយថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​បញ្ចុះអត្រាអាករពិសេស ពី ១០% មក ០% លើម៉ូទ័រសម្រាប់យានយន្តអគ្គិសនី និងពី ១០% មក ៥% លើអាគុយយានយន្តអគ្គិសនី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

អត្រាអាករពិសេស​ដែលកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២៦។ ការសម្រេចបញ្ចុះអត្រាអាករពិសេសនេះ គឺជាការជំរុញបន្ថែមទៀតដល់ការវិនិយោគ និងការប្រើប្រាស់​រថយន្តអគ្គិសនីក្នុងស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលក៏បានកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ សម្រាប់​រថយន្តអគ្គិសនីផងដែរ។ ក្នុងនោះសម្រាប់រថយន្តដែលផលិតក្នុងរយៈពេល ៥ឆ្នាំចុះ ដែលមានកម្លាំង ២០០ ដល់ ២៥០សេះ ត្រូវបានបន្ថយពី ៥០ម៉ឺនរៀល មកត្រឹម ៣០ម៉ឺនរៀល, កម្លាំង ២៥០សេះ ដល់ ៣០០សេះ បន្ថយពី ១លាន ២០ម៉ឺនរៀល មកត្រឹម ៥០ម៉ឺនរៀល និងកម្លាំងលើសពី ៣០០សេះឡើងទៅ បន្ថយពី ១លាន ៦០ម៉ឺនរៀល មកត្រឹម ៨០ម៉ឺនរៀល។

គួររំលឹកថា កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានបន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តអគ្គិសនីសុទ្ធ ពី ៣០% មកត្រឹម ១០% ផងដែរ។

ជាមួយគ្នានេះដែរ កម្ពុជា​ក៏បានដាក់ចេញផែនការទម្លាក់តម្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី និងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿន​នៅទូទាំងប្រទេស។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល បាន​ថ្លែងកាលពីចុងខែតុលា ឆ្នាំ​២០២៥ថា ផែនការរបស់ក្រសួង គឺធ្វើយ៉ាងណាដើម្បីបន្ទាបតម្លៃនៃការសាកអាគុយរថយន្តអគ្គិសនី ឲ្យស្ថិតនៅក្រោមតម្លៃបច្ចុប្បន្ន ដែលកន្លែងខ្លះ ១៦០០ ឬ ១៧០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ មិនតែប៉ុណ្ណោះ ស្ថានីយសាកអាគុយ EV នឹងត្រូវបង្កើតបន្ថែម​នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយក្តីបារម្ភរបស់អ្នកប្រើប្រាស់ ពោលគឺមិនថាទៅដល់ទីណា ក៏មានកន្លែងសាកដែរ ហើយមានល្បឿនលឿនថែមទៀតផង ដោយមិនចំណាយពេលរង់ចាំយូរនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម