បន្ទាប់ពីភីកអាប់កំពូលទាំងបី នេះជាឡានដែលពលរដ្ឋអាមេរិកទិញជិះច្រើនជាងគេ

ទោះបីជារងការប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្ត SUV ក៏ដោយក្ដី ប៉ុន្តែរថយន្ត Toyota RAV4 នៅតែអាចលក់ដាច់បានច្រើនជាងគូប្រជែងដទៃទៀត ដោយសារតម្លៃធូរថ្លៃ និងមានសមត្ថភាពបើកបរ Off-Road ខ្លាំងក្លាផងដែរ។

ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២១នេះ Toyota អាចលក់រថយន្ត RAV4 បានសរុប ៣១៣ ៤៤៧គ្រឿងនៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យវាក្លាយជារថយន្តពេញនិយមលំដាប់ទីបួន បន្ទាប់ពីរថយន្ត Ford F-150, Ram 1500 និង Chevrolet Silverado។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំ ដែលរថយន្ត Toyota RAV4 បានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ហើយដើម្បីអបអរខួបដ៏ពិសេសនេះ Toyota បានបន្ថែមប្រភេទថ្មីសម្រាប់ RAV4 ឆ្នាំ២០២២ គឺប្រភេទ SE Hybrid ដែលមានសមត្ថភាពសន្សំសំចៃប្រេងបានល្អបំផុត។

ការប៉ាន់ស្មានរបស់ស្ថាប័ន EPA បានបង្ហាញថា RAV4 SE Hybrid មានកម្រិតស៊ីប្រេង ៥,៧៣លីត្រ/១០០គ.ម សម្រាប់ការបើកក្នុងក្រុង និងស៊ីប្រេងប្រមាណ ៦,១៨លីត្រ សម្រាប់ការបើកលើផ្លូវលាត ដែលជាមធ្យមស៊ីប្រេង ៥,៨៨លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម