រថយន្តដើរដោយថាមពលថ្មីគឺរថយន្តអគ្គិសនី និងរថយន្តអ៊ីដ្រូសែន បាននឹងកំពុងបង្ហាញពីសញ្ញាអវិជ្ជមាននៅលើទឹកដីសហរដ្ឋអាមេរិក ខណៈការលក់រថយន្តអគ្គិសនីក្នុងប្រទេសយក្សមួយនេះ បានធ្លាក់ចុះ ចំណែករថយន្តអ៊ីដ្រូសែនដ៏ល្បីគឺ Honda CR-V e:FCEV ក៏នឹងត្រូវបញ្ឈប់ការផលិតត្រឹមចុងឆ្នាំនេះទៀត។
ទិន្នន័យឆ្នាំ២០២៥ បង្ហាញថា នៅអាមេរិកខាងជើង ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ លក់រថយន្តអគ្គិសនីបានចំនួន ១,៨លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤%។ ការធ្លាក់ចុះបែបនេះ ក៏ដោយសារតែការលក់នៅសហរដ្ឋអាមេរិក មានត្រឹមតែ១០% នៃរថយន្តថ្មីៗដែលបានលក់ក្នុងឆ្នាំ២០២៥ជាពិសេសការប្រែប្រួលគោលនយោបាយ ដែលបានបញ្ចប់ការលើកចិត្តពន្ធរបស់រដ្ឋបាលដូណាល់ ត្រាំ កាលពីចុងខែកញ្ញា។

អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក មិនទាន់មានទំនោរខ្លាំងលើរថយន្តអគ្គិសនីនៅឡើយ ដោយបារម្ភខ្វះកន្លែងសាកថ្ម ព្រោះហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់គ្រប់គ្រាន់ឡើយ។ បន្ថែមលើសនេះ ក្រុមហ៊ុនរថយន្តនៅអាមេរិក ពេលនេះក៏លែងសូវផ្តោតខ្លាំងលើរថយន្តអគ្គិសនី។
មិនខុសពីស្ថានភាពរថយន្តអគ្គិសនីនោះទេ ទីផ្សាររថយន្តអ៊ីដ្រូសែននៅអាមេរិក ជួបការលំបាកខ្លាំង ដោយសារមានតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតិចតួចបំផុត ដែលធ្វើឲ្យការសហការផលិតរថយន្តអ៊ីដ្រូសែន CR-V រវាងក្រុមហ៊ុន Honda និងក្រុមហ៊ុន GM ត្រូវបានបញ្ចប់ដោយការចែកផ្លូវគ្នា។

រថយន្ត CR-V អ៊ីដ្រូសែន ឬ e:FCEV នេះត្រូវបានផលិតនៅរោងចក្រក្នុងរដ្ឋ Ohio ចាប់តាំងពីឆ្នាំ២០២៤មក ប៉ុន្តែមិនត្រូវបានលក់ទាំងមូលទេ ពោលគឺសម្រាប់ការដាក់ជួលតែប៉ុណ្ណោះ ដោយត្រូវបង់ជាប្រចាំខែ ខណៈបានប្រគល់ឲ្យអតិថិជន បានត្រឹមប្រហែល ២០០គ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានេះ រថយន្តអ៊ីដ្រូសែន Mirai របស់ Toyota ក៏ជួបនូវការធ្លាក់ចុះចំនួនលក់ក្នុងឆ្នាំ២០២៥ ផងដែរ ដោយមូលហេតុចម្បងនោះ គឺដោយសារគ្មានស្ថានីយផ្គត់ផ្គង់អ៊ីដ្រូសែនគ្រប់គ្រាន់ឡើយ ភាគច្រើនមានតែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

យ៉ាងណាមិញ Toyota នៅតែបញ្ចេញ Mirai ស៊េរីឆ្នាំ២០២៦ បន្តទៀតបើទោះជាការលក់ធ្លាក់ចុះយ៉ាងណាក៏ដោយ ហើយថែមទាំងកំពុងវិនិយោគបន្ថែមដោយសហការជាមួយក្រុមហ៊ុនអាមេរិក លើគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីដ្រូសែននេះ។ Honda ក៏ដូចគ្នាដែរ មិនទាន់បោះបង់ចោលនោះទេ ពោលគឺបានប្រកាសថា នឹងស្រាវជ្រាវ អភិវឌ្ឍបន្ថែមលើរថយន្តប្រភេទនេះ ទោះជាបញ្ចប់ CR-V អ៊ីដ្រូសែនក៏ដោយ៕





















