រដ្ឋាភិបាលបារាំងបានបញ្ចេញនូវកញ្ចប់លុយប្រមាណ ១,៤៣ពាន់លានដុល្លារ សម្រាប់ជួយឧបត្ថម្ភដល់ការទិញរថយន្តអគ្គិសនី ជាសកម្មភាពមួយដែលអាចជួយកាត់បន្ថយតម្លៃរថយន្តអគ្គិសនីបានជិត ៤០% សម្រាប់រថយន្តខ្លះ និងជួយកាត់បន្ថយឧស្ម័នពុលកាបូនឌីអុកស៊ីតក្នុងបរិស្ថានផងដែរ។
អ្នកទិញរថយន្តអគ្គិសនីអាចទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ប្រមាណ ១៣ ២១១ដុល្លារ ធ្វើឲ្យវាក្លាយជាប្រាក់ឧបត្ថម្ភដែលច្រើនជាងគេបំផុតក្នុងសហភាពអឺរ៉ុប។ ឧទាហរណ៍ថារថយន្ត Renault Zoe ដែលមានតម្លៃប្រមាណ ៣៥ ២៣០ដុល្លារ អ្នកទិញត្រូវចំណាយលុយផ្ទាល់ខ្លួនត្រឹម ២២ ០០០ដុល្លារប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់រថយន្តម៉ាស៊ូតចាស់ៗអាចទទួលបានប្រាក់លើកទឹកចិត្តប្រមាណ ៥៥០០ដុល្លារ ប្រសិនបើឈប់ប្រើរថយន្តនោះ ហើយអាចទទួលបាន ៧៧០០ដុល្លារ ប្រសិនបើមានចំណងចង់ទិញរថយន្តអគ្គិសនីមកប្រើជំនួស៕