បីខែដំបូង ឡានអគ្គិសនីជាង ២០ម៉ឺនគ្រឿងនៅអាមេរិករកឃើញម្ចាស់ថ្មី

[ទីផ្សារបរទេស] រថយន្តអគ្គិសនីជាង ២០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារអាមេរិកខាងជើង នៅក្នុងអំឡុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដែលបានបង្កើតជាកំណត់ត្រាលក់ថ្មីមួយមិនធ្លាប់មានសម្រាប់ទីផ្សារនេះ។

កំណត់ត្រាថ្មីនេះបានបញ្ជាក់ច្បាស់ណាស់ពីភាពវិជ្ជមាននៃទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកទាំងមូលនៅត្រូវបានកាន់កាប់ចំណែកធំដោយក្រុមហ៊ុនរថយន្ត Tesla និងទីផ្សារនៃរដ្ឋកាលីហ្វ័រញ៉ា។ តាមទិន្នន័យរបស់ CEC បានបង្ហាញថានៅសហរដ្ឋអាមេរិក​បាន​កត់ត្រាពីការដឹកជញ្ជូនរថយន្តអគ្គិសនីជាង ២០៨ ០០០គ្រឿង នៅត្រីមាសដំបូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការកើនឡើងនៃចំនួនលក់រថយន្តអគ្គិសនី អាចមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ក៏ដូចជាការផ្សព្វផ្សាយពីរថយន្តអគ្គិសនីយ៉ាងទូលំទូលាយក្នុងកម្មវិធី Super Bowl កាលពីដើមឆ្នាំ ក៏បានចូលរួមចំណែកជម្រុញឲ្យពលរដ្ឋងាកមកចាប់អារម្មណ៍រថយន្តប្រភេទនេះផងដែរ។

គួរដឹងដែរថា រដ្ឋកាលីហ្វ័រញ៉ាតែមួយ បានក្ដោបក្ដាប់ចំណែកលក់នៃរថយន្តអគ្គិសនីសរុបចំនួន ៣៩% ដែលស្មើ​នឹងរថយន្ត ៨១ ២៩២គ្រឿង ដែលចំនួនលក់នេះទៀតសោតមានការកើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ កត្តាដែលធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ាមានទំហំទិញរថយន្តអគ្គិសនីច្រើនជាងគេ គឺដោយសារតែរដ្ឋនេះមានការគាំទ្រលើការទិញរថយន្តអគ្គិសនី តាមរយៈការឧបត្ថម្ភប្រាក់ជំនួយដែលច្រើនលើសពីរដ្ឋដទៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម