[ទីផ្សារបរទេស] បុគ្គលិកជាន់ខ្ពស់មួយរូបប្រចាំក្រុមហ៊ុន Apple បានដើរចេញពីគម្រោងការផលិតប្រព័ន្ធរថយន្តបើកបរស្វ័យប្រវត្តិក្រោយពីបានចូលរួមបម្រើការងារនៅក្រុមហ៊ុនមិនទាន់បានមួយឆ្នាំផង។
បុគ្គលិកឈ្មោះ Christopher CJ Moore ធ្លាប់បានធ្វើការលើប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្ដាលរបស់ Tesla មុនចូលបម្រើការងារឲ្យ Apple នៅខែមេសា ហើយមានការរាយការណ៍ថាលោកបានធ្វើការលើគម្រោងការរថយន្តអគ្គិសនីរបស់ Apple។
សារព័ត៌មាន Bloomberg រាយការណ៍ថា Christopher នាពេលនេះបានផ្លាស់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Luminar ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធរថយន្តបើកបរស្វ័យប្រវត្តិដោយផ្អែកលើបច្ចេកវិទ្យា LIDAR។
Christopher នេះគឺជាអ្នកជំនាញចុងក្រោយ ដែលបានដើរចេញពីគម្រោងការផលិតរថយន្តដ៏សម្ងាត់របស់ Apple នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ បន្ទាប់ពី Apple ព្យាយាមស្វែងរកវិស្វករខ្លាំងៗជាច្រើនមកចូលរួមជាមួយ ដែលមានមកពី Ford និង Rivian ផងដែរ៕