បុគ្គលិករបស់ Cristiano Ronaldo បើករថយន្ត Bugatti Veyron តម្លៃ ២លានដុល្លារជាង របស់ខ្លួនទៅបុកជញ្ជាំងក្នុងប្រទេសអេស៉្បាញ

[បរទេស] កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ មិថុនា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត Bugatti Veyron សំណព្វចិត្តរបស់គាត់ ត្រូវបានរកឃើញនៅក្នុងស្ថានភាពខូចខាតដោយបុគ្គលិករបស់ខ្លួនបើកទៅបុកជញ្ជាំង នៅ​លើ​កោះ Mallorca ប្រទេស​អេ​ស្ប៉ា​ញ​ ។

ទោះ​បី​ជា​យ៉ាង​ណា ហេតុការណ៍​នេះ​កីឡាករ​បាល់ទាត់​វ័យ ៣៧ ឆ្នាំ​មិន​មែន​ជា​អ្នក​បើក​បរ​នៅ​ពេល​នោះ​ទេ។ មានសេចក្តីរាយការណ៍ថា អង្គរក្សរបស់គាត់បានបើកឡានតម្លៃច្រើនជាង ២លានដុល្លារ ទៅបុកនឹងជញ្ជាំងនៅរមណីយដ្ឋានឆ្នេរ Sa Goma។ ទន្ទឹមនឹងនេះ ​ប៉ូលិស​ចុះ​ដល់​កន្លែង​កើត​ហេតុ​បានសន្និដ្ឋានថា រថយន្ត​ទំនើប​​នេះ វា​បាន​បុក​ជញ្ជាំង​ទ្វារ​ផ្ទះ​ក្បែរ​មន្ទីរពេទ្យ Joan March រហូត​ដល់​ខ្ទេច​ផ្នែកខាងមុខ ចំណែក​អ្នក​បើក​បរ​មិន​មាន​របួស​អ្វី​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍ថា រថយន្តម៉ាក Bugatti Veyron ដ៏ប្រណិតនេះគឺជារថយន្តសំណព្វចិត្តរបស់ Ronaldo ដែលនាំយកមកពីទីក្រុង Manchester ចក្រភពអង់គ្លេស ដើម្បីប្រើជាមួយគ្រួសាររបស់គាត់ក្នុងអំឡុងពេលសម្រាកនៃរដូវកាលនេះ។

គួរបញ្ជាក់ផងដែរ សម្រាប់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ល្បី និងជោគជ័យមួយរូប ដែលមានរថយន្តដ៏ប្រណិត supercar ជាច្រើន រួមមានម៉ាករថយន្តដូចជា Aston Martin, Bentley និង Ferrari Monza និងមាន​រថយន្ត​កម្រ​ជា​ច្រើន​ផង​ដែរ​។ លើសពីនេះ ត្រូវបានគេរាយការណ៍ថាគាត់បានចំណាយច្រើនជាង ១០លានដុល្លារ ដើម្បីកាន់កាប់រថយន្ត Bugatti Centodieci មានត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម