បុរសម្នាក់ឈ្មោះ Jason Gibbs ដែលមានវ័យ ៤១ឆ្នាំ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសកាលពីថ្ងៃចន្ទកន្លងទៅពីបទលួចទំនិញពីការដឹកជញ្ជូន ក្រោយពីបានលួចសោរថយន្តថ្មីៗបានជិត ២ពាន់គ្រឿង ពេលដែលបម្រើការងារនៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។
ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៧ មក រថយន្ត Ford, FCA និង GM មួយចំនួនដែលគេដឹកជញ្ជូនពីក្រុង Boston រដ្ឋ Michigan ទៅកាន់ហាងលក់រថយន្តនៅទូទាំងប្រទេស ប្រទះឃើញមានសោរថយន្តត្រឹមមួយប៉ុណ្ណោះ ខណៈដែលសោគឺត្រូវមានពីរ។ សមត្ថកិច្ចបានចាប់ផ្ដើមស៊ើបអង្កេតរឿងនេះ បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូន CSX Transportation ចាប់ផ្ដើមទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនរថយន្តទាំងបី អំពីការបាត់កូនសោ។
បើផ្អែកតាមលិខិតបណ្ដឹងព្រហ្មទណ្ឌបានឲ្យដឹងថាបុរសវ័យ ៤១ឆ្នាំ ខាងលើ បានលួចសោរថយន្ត និងលក់សោទាំងនោះលើ eBay ដែលអាចរកលុយបាន ៦០ ៥៧០ដុល្លារ ពីការលក់សោដែលលួចបាន។
សមត្ថកិច្ចបានចុះឆែកឆេរផ្ទះបុរសខាងលើ និងបានសួរចម្លើយ ដោយបានដឹងថាបុរសរូបនេះបានលក់កូនសោរថយន្ត ១៩១៤គ្រឿង នៅចន្លោះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨។ សួរភាគច្រើនគឺត្រូវបានលក់ឲ្យអតិថិជនម្នាក់នៅ California ដែលគេបានយកលក់បន្តលើ eBay ក្នុងតម្លៃចន្លោះពី ៦៩ដុល្លារ ទៅ ១៦០ដុល្លារ៕