ក្រុមហ៊ុន Volvo បានបិទបញ្ចប់ត្រីមាសទី១ឆ្នាំ២០២១ ជាមួយលទ្ធផលលក់ដ៏អស្ចារ្យ ដែលការលក់លើសកលលោកមានកំណើនរហូតដល់ ៤០,៨% បើប្រៀបនឹងត្រីមាសទី១នៃឆ្នាំ២០២០កន្លងទៅ។
សរុបទៅ Volvo អាចលក់រថយន្តបានចំនួន ១៨៥ ៦៩៨គ្រឿង ចាប់ពីខែមករាដល់ខែមីនា ដែលកើនឡើងពីចំនួនលក់ ១៣១ ៨៨៩គ្រឿងកាលពីឆ្នាំមុន។ ត្រីមាសទី១ឆ្នាំ២០២១នេះផងដែរ គឺជាត្រីមាសទីមួយដែលទទួលបានលទ្ធផលលក់ល្អដាច់គេក្នុងប្រវត្តិសាស្ត្ររបស់ Volvo។ នៅខែមីនាតែឯង Volvo អាចលក់រថយន្តបានចំនួន ៧៥ ៣១៥គ្រឿង ដែលមានកំណើន ៦២,៣% ធៀបនឹងខែមីនាឆ្នាំមុន។
នៅសហរដ្ឋអាមេរិក Volvo អាចលក់រថយន្តបាន ២៧ ២៣៩គ្រឿងដែលកើនឡើង ៣៩,៨% ហើយនៅអឺរ៉ុបវិញលក់បាន ៨៧ ៤៥៧គ្រឿង កើនឡើង ២៤%។ នៅប្រទេសចិនឯណោះវិញកំណើននៃការលក់មានដល់ ១១៧,៧% ដែលអាចលក់ចេញបាន ៤៥ ២៤២គ្រឿងក្នុងរយៈពេល៣ខែដំបូង។
រថយន្ត SUV នៅតែលក់ដាច់បានច្រើន ដោយនៅខែមីនារថយន្ត XC40 លក់ដាច់បានច្រើនជាងគេគឺ ២៣ ៩៥៨គ្រឿង បន្ទាប់មកគឺរថយន្ត XC60 និងរថយន្ត XC90៕