
ចង្កឹះលេខ ‘N’ តំណាងឲ្យពាក្យ ‘Neutral’ ដោយនៅពេលដាក់លេខនេះ គឺវានឹងផ្តាច់ម៉ាស៊ីនចេញពីកង់រថយន្ត។ បើនិយាយឲ្យងាយយល់ ពេលដាក់ ‘N’គឺអាចឲ្យមនុស្សរុញរថយន្តទៅមុខ ថយក្រោយបាន។ អ៊ីចឹងតើក្នុងស្ថានភាពណាខ្លះ ដែលអ្នកបើកបរ គួរដាក់លេខ ‘N’?
១. ពេលស្ថិតក្នុងការកកស្ទះចរាចរណ៍ ឬចាំស្តុបយូរ៖ បើស្ថិតនៅលើផ្លូវរាបស្មើ គឺគួរដាក់ ‘N’ ដើម្បីកុំឲ្យពិបាកជាន់ហ្វ្រាំងយូរចុកជើង។ អ្នកអាចដាក់ ‘P’ក៏បាន គ្រាន់តែថា បើមានរថយន្តបុកពីក្រោយ វាអាចប្រឈមនឹងការខូចប្រអប់លេខ។ យ៉ាងណាមិញ សម្រាប់រថយន្តដែលមានមុខងារ Auto Hold គឺកាន់តែងាយស្រួលជាងនេះទៀត។
២. ពេលជាប់ផុង៖ នៅពេលមិនអាចបើកចេញពីការជាប់ផុងបាន ជម្រើសមានតែ១គត់ គឺដាក់ ‘N’ ដើម្បីឲ្យមនុស្សអាចរុញចេញបាន ឬអាចឲ្យយានយន្តផ្សេង អូសទាញចេញបាន។
៣. ពេលលាងរថយន្ត៖ នៅកន្លែងលាងរថយន្តដោយប្រើប្រព័ន្ធស្វ័យប្រវត្តិ គឺគេតម្រូវឲ្យដាក់ ‘N’ ដើម្បីអាចឲ្យខ្សែ conveyor belt អាចរុញរថយន្តចូលលាងបាន។
៤. ពេលរថយន្តខូចតាមផ្លូវ៖ ប្រសិនបើរករថយន្តស្ទូចមិនបានទេ គឺមានតែរករថយន្តជួយសណ្តោង ហើយដើម្បីអាចអូសសណ្តោងបាន គឺរថយន្តដែលខូចនោះ ត្រូវដាក់ ‘N’។
៥. ពេលដាច់ហ្រ្វាំង៖ ការដាក់ ‘N’ ក៏ជាវិធីមួយផងដែរ ដែលជួយបន្ថយល្បឿនរថយន្ត។ ជាមួយគ្នានេះ គឺគួរដាក់ហ្វ្រាំងដៃបន្ថែម ដើម្បីអាចឲ្យរថយន្តឈប់បានកាន់តែលឿន៕