បើក​រថយន្ត​ពេល​​ទ្រនិច​សាំង​ធ្លាក់​ដល់​បាត ប្រយ័ត្ន​អាសាបង់​ធំ

មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​បរ​រថយន្ត​ទៅ​មុខ​ ទោះ​បី​ជា​រថយន្ត​របស់​គេ​លោត​ភ្លើង​ក្រហម​បញ្ជាក់​ថា ​អស់​សាំង​ហើយ​ក្ដី​ក៏​គេ​​នៅ​មិន​ទាន់​​ចាក់​សាំង​ភ្លាមៗ​នោះ​ទេ។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​យល់​ថា​ រថយន្ត​របស់​គេ​នឹង​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​​មួយ​សន្ទុះ​ទៀត​ ហើយ​រង់​ចាំ​ដល់​កន្លែង​ណា​ដែល​មាន​សាំង​តម្លៃ​ថោក​សិន​សឹម​ចាក់។

​​​យោង​តាម​ស្ថិតិ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​បង្ហាញ​ថា​ មាន​អ្នក​បើកបរ​​ចំនួន​ពាក់​កណ្ដាល​នៃ​អ្នក​បើកបរ​សរុប​​គិត​ថា ​រថយន្ត​របស់​ពួក​គេ​អាច​បន្ត​ដំណើរ​បាន​​ចម្ងាយ​៦០​គីឡូម៉ែត្រ​ទៀត​នៅ​ពេល​លោត​ភ្លើង​បញ្ជាក់​ថា​អស់​សាំង។ លោក​ Ray Sparrow អ្នក​ជំនាញ​ខាង​ជាង​ម៉ាស៊ីន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​រថយន្ត​អស់​សាំង​ហើយ ​នៅ​តែ​បើក​ទៅ​មុខ​ទៀត​ បញ្ហា​នឹង​កើត​មាន​ឡើង​ចំពោះ​ម៉ាស៊ីន​រថយន្ត។ សម្រាប់​រថយន្ត​​ដែល​​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​​ប្រេង​ម៉ាស៊ូត​ បញ្ហា​អាច​កើត​មាន​ឡើង​លើ​គ្រឿង​បង្គំ​នៃ​ម៉ាស៊ីន​រថយន្ត​ ដោយ​អាច​មាន​ការ​ខូច​ខាត​បាន​ព្រោះ​តែ​ម៉ាស៊ីន​សំបូរ​ទៅ​ដោយ​ខ្យល់​ជា​ជាង​ប្រេង​ម៉ាស៊ូត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​ដោយ​​សាំង​វិញ ​មាន​ភាព​ប្រសើរ​ជាង​ម៉ាស៊ីន​ម៉ាស៊ូត​បន្តិច។ ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​អ្នក​គួរ​ព្រួយបារម្ភ​នោះ​គឺ​ ក្នុង​ករណី​ដែល​អ្នក​បាន​ចាក់​សាំង​បំពេញ​រួច​ហើយ​​ក៏​ម៉ាស៊ីន​នៅ​តែ​មិន​អាច​បញ្ឆេះ​បាន​​ដែរ។ បញ្ហា​នេះ​អាច​មក​ពី​​ការ​ស្ទះ​ខ្យល់។ ខ្យល់​ដែល​មាន​នៅ​ក្នុង​ធុង​សាំង​ធ្វើ​ឲ្យ​សាំង​មិន​អាច​បង្ហូរ​ទៅ​កាន់​ម៉ាស៊ីន​បាន​ ដែល​នេះ​ត្រូវ​ការ​ជំនួយ​ពី​ជាង​ជួសជុល​ ហើយ​វា​​អាច​ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​តម្លៃ​​សាំង​ដែល​អ្នក​បាន​សន្សំសំចៃ​ទៅ​ទៀត។

​ចុង​ក្រោយ​ លោក​ Sparrow បាន​ផ្ដល់​ការ​ណែនាំ​ថា ​អ្នក​បើកបរ​គ្រប់​រូប​គួរ​ណា​តែ​បើក​បរ​រថយន្ត​ដែល​មាន​ប្រេង​ឥន្ធនៈ​គ្រប់​គ្រាន់​ ជៀសវាង​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន​ព្រោះ​តែ​ចង់​សន្សំ​សំចៃ​ប្រាក់​បន្តិច​បន្តួច​នោះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម