[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ មានការប្រទះឃើញរថយន្ត NEW FORD RANGER RAPTOR បានធ្វើការបើកបរសាកល្បងក្នុងលក្ខណៈបិទបាំងតួខ្លួនរថយន្តទាំងមូល ជាមួយនឹង Bronco Raptor មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។
ខណៈពេលនេះផងដែរ គេក៏បានប្រទះឃើញសារជាថ្មីនូវការបើកបរសាកល្បងរបស់រថយន្ត Ranger Raptor នេះ។ បើយោងតាមគណនី Facebook ឈ្មោះ Aek Pongnavee បានធ្វើការបញ្ចេញរូបភាពថ្មីមួយចំនួន ដែលបានបង្ហាញអោយឃើញពីការឌីស្សាញថ្មីនៅផ្នែកខាងមុខនៃរថយន្ត ដែលមានការកាត់ទៅរករថយន្ត Maverick និង F-150 ដូចគ្នានឹងរថយន្ត Ranger សេរ៊ីថ្មីផងដែរ និងភ្ជាប់មកជាមួយអក្សរ FORD នៅចំកណ្តាលផងដែរ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Carscoops កន្លងមក រថយន្ត Ford F-150 Raptor ត្រូវបានគេរំពឹងថានឹងទទួលបានម៉ាស៊ីន ៨ស៊ីឡាំងថ្មី ដែលអាចផលិតកម្លាំងបានប្រហែល ៤០០-៤៥០ សេះ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ។ បន្ថែមជាមួយការអភិវឌ្ឍន៍ថ្មីនៃប្រព័ន្ធ Suspension, Shock absorber, Fox Racing Forged control arms និង Coilover dampers ជាដើម៕