រថយន្ត Toyota Avanza ជំនាន់ទី២ មានអាយុកាលស្ទើរតែជិតមួយទសវត្សន៍ហើយ ដោយបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១១កន្លងទៅ ខណៈពេលនេះម៉ូឌែលជំនាន់ទី៣ថ្មី ប្រហែលជាទំនងនឹងត្រៀមបង្ហាញខ្លួនជាផ្លូវការផងដែរ។
តាមរយៈរូបភាពដែលបានបង្ហាញដោយគេហទំព័រ AutonetMagz បានបង្ហាញអោយឃើញរថយន្តនៅក្នុងអាគាតាំងបង្ហាញរថយន្តកំពុងថត ដែលវាមានការរចនាថ្មីទាំងផ្នែកខាងក្នុង និងខាងក្រៅ។
ចំពោះចំណុចគួរអោយចាប់អារម្មណ៍នៃការរចនាថ្មីនេះគឺ ផ្នែកខាងមុខមានការរចនាកាត់ទៅរករថយន្ត RAV4 និង Corolla Cross ដោយបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ អមដោយក្រូមអូសកាត់រហូតដល់ទ្វារថយន្តទាំងសងខាង រួមបន្ដែមជាមួយចង្កៀងមុខប្រភេទ LED រាងស្លីម និងថាសកង់ទំហំ ១៧អ៊ីញ។
រីឯផ្នែកខាងក្រោយ បំពាក់ជាមួយអំពូល LED អូសជាខ្សែបន្ទាត់ពីជំហៀងខាងឆ្វេង រហូតមកខាងស្តាំ រួមជាមួយអក្សរ Veloz នៅលើទ្វា ដែលតំណាងអោយម៉ូឌែលប្រភេទស្ព័រ។ ចំណែកផ្នែកខាងក្នុងនៃរថយន្ត បានទទួលការឌីស្សាញកាន់តែទំនើបជាងមុន នឹងបានលេងខ្លួនជាពីរពណ៌ និងបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៩អ៊ីញដូច Toyota Raize ផងដែរ។
សម្រាប់រថយន្ត Avanza ជំនាន់ទី៣ គេរំពឹងថារថយន្តនេះនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មី Daihatsu New Global Architecture (DNGA) និងបំពាក់ជាមួយជម្រើសម៉ាស៊ីន ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង កម្លាំង ៩៨សេះ និងកម្លាំងបង្វិល ១៤០ញ៉ូតុនម៉ែត្រឬ ម៉ាស៊ីនចំណុះ ១,២លីត្រ កម្លាំង ៨៨សេះ និងកម្លាំងរមួល ១១៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៥វគ្គ ឬ CVT៕