បែកធ្លាយឡានម៉ូដែលថ្មីដែល Toyota និង Lexus ត្រៀមប្រកាសនៅត្រឹម ២០២៤

នា​ថ្ងៃ​នេះ​មាន​ការ​លេច​ធ្លាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​ដែល​បង្ហាញ​អំពី​ផែនការ​បង្ហាញ​ចេញ​​​រថយន្ត​ថ្មីៗ​របស់​ Toyota និង Lexus នៅ​ត្រឹម​ឆ្នាំ ២០២៤។ រថយន្ត​ដែល​លេច​មុខ​ក្នុង​ព័ត៌មាន​លេច​ធ្លាយ មាន​ខ្លះ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​កន្លង​មក ហើយ​រថយន្ត​ខ្លះ​មិន​ធ្លាប់​ស្គាល់​នោះ​ទេ។

ដំបូង​គឺ​ Toyota 86 ជំនាន់​ថ្មី ដែល​រំពឹង​ថា​​នឹង​​ប្រកាស​ចេញ​នា​ខែ​កក្កដា​ឆ្នាំ ២០២១ ហើយ​រថយន្ត​ 86 នេះ​នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា GR86។ រថយន្ត​ថ្មី​នេះ​នឹង​បំពាក់​ម៉ាស៊ីន Turbocharged ដែល​ផលិត​កម្លាំង​ ២៥៥ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់​មក​ទៀត​គឺ Toyota Camry ដែល​នឹង​ទទួល​បាន​ការ​កែប្រែ​មុខមាត់​នៅ​ឆ្នាំ ២០២១ ដែរ តាម​ពី​ក្រោយ​ដោយ​រថយន្ត​ Avalon ថ្មី​ដែល​នឹង​ប្រកាស​ចេញ​នា​ឆ្នាំ ២០២២។ សម្រាប់​រថយន្ត Toyota Camry ដែល​នឹង​ប្ដូរ​មុខមាត់​ថ្មី ជា​រថយន្ត​ជំនាន់​ថ្មី​រំពឹង​ថា​នឹង​លេច​មុខ​ក្រោយ​ឆ្នាំ ២០២៤។

​​នៅ​ឆ្នាំ ២០២១ ក៏​នឹង​ឃើញ​មាន​រថយន្ត​​ប្រភេទ​តួ​ខ្ពស់​​ខ្នាត​តូច​ថ្មី​ប្រកាស​ចេញ ដែល​ឈ្មោះ​វា​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។ ចំណែក​រថយន្ត​ Toyota Venza ក៏​នឹង​វិល​ត្រឡប់​នា​ឆ្នាំ ២០២១ ដែរ។

ចូល​ដល់​ផ្នែក​រថយន្ត​ភីកអាប់ និង SUV ​វិញ ដំណឹង​លេច​ធ្លាយ​បញ្ជាក់​ថា​រថយន្ត​ Toyota 4Runner និង Sequoia ជំនាន់​បន្ទាប់​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ឆ្នាំ ២០២២ និង​ចុង​ឆ្នាំ ២០២១ ដែល​នឹង​ចេញ​លក់​ជា​ម៉ូដែល​ឆ្នាំ ២០២៣។ ចំណែក​រថយន្ត Toyota Tacoma រូបរាង​ថ្មី​នឹង​ចេញ​ជា​ស៊េរី​ឆ្នាំ ២០២៤។

សម្រាប់ Land Cruiser ជំនាន់​ថ្មី​ទំនង​ជា​ប្រកាស​ចេញ​នា​ឆ្នាំ ២០២២ ហើយ​រថយន្ត​ Lexus LX ​ជំនាន់​ថ្មី​​ក៏​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០២២ ដែរ។ នៅ​ឆ្នាំ ២០២២ នោះ រថយន្ត ES និង LS ក៏​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​​មុខមាត់​ផង​ដែរ។ ចុង​ក្រោយ​គឺ Lexus NX ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០២១ ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ TNGA-K ដែល​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ៥ ប្រភេទ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម