ក្រុមហ៊ុន Nissan កំពុងទទួលបានការកក់យ៉ាងច្រើនសម្បើមសម្រាប់រថយន្តអគ្គិសនីថ្មី ម៉ូដែល Ariya របស់ខ្លួន ដែលទើបបង្ហាញមុខកាលពីពេលថ្មីៗកន្លងទៅ រហូតធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកទទួលការកក់តែម្តង។
គួរឲ្យដឹងដែរថា រថយន្តអគ្គិសនី Nissan Ariya នឹងចាប់ផ្តើមដឹកឲ្យដល់ដៃអតិថិជន នាចុងឆ្នាំ២០២២ នេះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ Nissan មិនមែនជាក្រុមហ៊ុនទីមួយនោះទេដែលធ្វើបែបនេះ ជាក់ស្តែង Ford ទើបតែបិទទទួលការកក់សម្រាប់ភីកអាប់អគ្គិសនី F-150 Lightning ផងដែរ។ លើសពីនេះទៅទៀត សូម្បីតែរថយន្តអគ្គិសនី Mustang Mach-E ព្រមទាំងរថយន្តផ្សេងទៀតមកពី Tesla និង Volkswagen ក៏ធ្វើបែបនេះដែរ។
លោក Ashwani Gupta នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានប្រាប់ទៅកាន់សារព័ត៌មាន Automotive News ថា៖
“អតិថិជនគ្រប់រូបចង់បានវា ហើយយើងមិនចង់ឲ្យអតិថិជនរង់ចាំវាយូរនោះទេ។ រថយន្ត Ariya ត្រូវបានបើកទទួលការកក់នៅទូទាំងពិភពលោក ប៉ុន្តែពេលនេះយើងបានស្នើសុំអតិថិជនរបស់យើង ឲ្យឈប់ធ្វើការកក់តទៅទៀតហើយ”។
យ៉ាងណាមិញ ក្រុមហ៊ុន Nissan មិនបានប្រកាសជាសាធារណៈឡើយថា តើនឹងផលិតរថយន្ត Ariya ចំនួនប៉ុន្មាន ប៉ុន្តែគេសង្ស័យថា វាអាចមានចំនួនក្រោម ១០ ០០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕