Compare the Market ដែលជាវិបសាយមួយរបស់អង់គ្លេសជំនាញខាងប្រៀបធៀបតម្លៃ ទើបបានបញ្ចេញលទ្ធផលនៃការស្ទង់មតិអំពីប្រជាប្រិយភាពនៃក្រុមហ៊ុនផលិតរថយន្តលើពិភពលោក ដែលលទ្ធផលគឺផ្អែកលើចំនួនស្វែងរកលើ Google ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។
ជាលទ្ធផលមានក្រុមហ៊ុនរថយន្តចំនួន ៥ ដែលធ្លាក់ចុះប្រជាប្រិយភាពខ្លាំងជាងគេក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ រួមមាន Fiat, Citroen, Vauxhall, Mitsubishi និង Ferrari។ សម្រាប់ Ferrari ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អ៉ីតាលីធ្លាក់ចុះប្រជាប្រិយភាពរហូតដល់ ៣៥,៣%។
ជាការបកស្រាយលើលទ្ធផលនេះ គឺអាចដោយសារការបោះជំហានយឺតរបស់ Ferrari។ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Supercar ដទៃបានងាកមកផលិតរថយន្ត SUV ដើម្បីផ្គាប់ចិត្តអតិថិជន ក្រុមហ៊ុន Ferrari ឯណេះនៅបន្តស្ម័គ្រស្មោះនឹងការផលិតរថយន្ត Supercar តួទាបដដែល។
ជាក់ស្ដែងដូចជា Lamborghini ឃើញថាទទួលបានជោគជ័យខ្លាំងជាមួយរថយន្ត Urus របស់ខ្លួន ដែលមិនត្រឹមជោគជ័យលើការលក់នោះទេ ប៉ុន្តែក៏បានជួយឲ្យម៉ាក Lamborghini កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនផងដែរ។
ដោយឡែករថយន្តតួខ្ពស់ដំបូងរបស់ Ferrari ដែលជាម៉ូដែល Purosangue គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ដែលរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅឆ្នាំ ២០២៣ ខាងមុខ៕