[បរទេស] យោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការលក់រថយន្តអគ្គិសនីដែលរួមមានទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Plug-in Hybrid នៅក្នុងឆ្នាំ ២០២២ បានកើនឡើង ៥៥% ពីឆ្នាំ ២០២១ និងលើសពី ១០ លានគ្រឿង ដោយប្រទេសចិននាំមុខគេដែលមានចំនួន ៦០% នៃការលក់នៅក្នុងទីផ្សារពិភពលោក ហើយការលក់សរុបលើសកលត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១៤ លានគ្រឿងនៅឆ្នាំ ២០២៣ ។
IEA ពិពណ៌នាប្រទេសចិនថាជា “អ្នកដឹកនាំ” នៅក្នុងវិស័យនេះ ដោយបន្ថែមថាជាង ៥០% នៃរថយន្តអគ្គិសនីនៅលើដងផ្លូវគឺនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះដែរ នៅអឺរ៉ុប ការលក់រថយន្តអគ្គិសនីក៏នឹងកើនឡើងជាង ១៥% នៅឆ្នាំ ២០២២។ ខណះ កំណើននៅសហរដ្ឋអាមេរិកគឺខ្ពស់ជាងនេះ គឺ ៥៥%។
កាលពីឆ្នាំមុនមានកំណើនទាំងក្នុងប្រទេសឥណ្ឌា ថៃ និងឥណ្ឌូនេស៊ី ដោយការលក់រថយន្តអគ្គិសនីសរុបនៅក្នុងប្រទេសទាំងនេះបានកើនឡើង ៣ដងធៀបនឹងឆ្នាំ ២០២១ ដែលឈានដល់ចំនួន ៨០ ០០០ គ្រឿង។ ជាពិសេស ប្រទេសឥណ្ឌាតែមួយគត់បានកើនឡើងទាំងរថយន្តអគ្គិសនី ក៏ដូចជាការផលិតគ្រឿងបន្លាស់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកក៏បានឃើញប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនប្រកាសពីផែនការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ ជាឧទាហរណ៍ ចក្រភពអង់គ្លេសចង់បញ្ឈប់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅចុងឆ្នាំ ២០៣០ ហើយចាប់ពីឆ្នាំ ២០៣៥ រថយន្តថ្មីទាំងអស់ដែលត្រូវបានលក់នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យការបំភាយឧស្ម័ន។ នៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រញ៉ាក៏បានហាមឃាត់ការលក់រថយន្តដែលប្រើសាំងថ្មីក្រោយឆ្នាំ ២០២៥ ៕