[បរទេស] បើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឱ្យដឹងថា ប្រទេសចិននៅតែបន្តលើសពីប្រទេសជប៉ុនក្នុងការនាំចេញរថយន្តក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ដោយការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០,៣ ភាគរយ មកត្រឹមតែក្រោម ២,០២ លានគ្រឿង ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តចិនបាននាំចេញរថយន្តជាង ២,៧៩ លានគ្រឿងក្នុងរយៈពេលដូចគ្នា កើនឡើង ៣១% នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ការនាំចេញរួមមានរថយន្តដឹកអ្នកដំណើរប្រហែល ២,៣៤ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ៤៥៤ ០០០ គ្រឿង។
ក្នុងចំណោមការនាំចេញរថយន្តរបស់ប្រទេសចិនក្នុងឆមាសទីមួយ រថយន្តសាំង និងម៉ាស៊ូតបានកើនឡើង ៣៦% ដល់ជិត ២,១៩ លានគ្រឿង រួមទាំងការនាំចេញរថយន្តអគ្គិសនីក៏បានកើនឡើង ១៣% មានចំនួនប្រហែល ៦០៥ ០០០ គ្រឿង។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុននាំចេញរថយន្តកំពូលទាំងប្រាំក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ Chery, SAIC, Changan, Geely និង BYD ៕